នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ និងអបអរសាទរខួប១០ឆ្នាំ នៃការបើកព្រឹត្តិករណ៍អង្គរសង្ក្រាន្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។
ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ ២០២៣ ប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោម ប្រធានបទ ” ក្តី ស្រមៃ និង ក្តីសង្ឃឹម ” នឹង ផ្តល់ឱកាស ដល់ ប្រជាជន កម្ពុជា ទាំងអស់ ក៏ដូចជាមិត្ត ភ័ក្តិ អន្តរជាតិ ទាំងអស់ បានជួបជុំគ្នា រីករាយ និង ទទួលបាន បទពិសោធន៍ មិនអាច បំភ្លេចបាន ក្នុង ឆ្នាំ ថ្មី ប្រពៃ ណី ជាតិខ្មែរ នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបាន អញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។
សម្តេចតេជោបានមានប្រសាសន៍ថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំថ្មី ហើយទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតាដូចគ្នា។
សម្តេចតេជោបានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ និងអរូបនិយ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបិយ និងអរូបិយហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសន៍ទៀតថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយ នឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
សម្តេចតេជោ បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចក៏បានអំណរគុណប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ទទួលយកការសម្រេចចិត្តនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៦ ដែលនាំឱ្យមាននូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ក្នុងនោះរួមមានទី១) គឺសុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាសំខាន់នាំមកនូវភាពសប្បាយរីករាយ។ គ្មានភាពសប្បាយរីករាយណាមួយកើតឡើងក្រោមគ្រាប់ផ្លោងនោះឡើយ។ សុខសន្តិភាពផ្តល់ឱកាសឱ្យមនុស្សធ្វើអ្វីៗតាមបំណង ឱ្យតែត្រូវច្បាប់។
ទី២) យកឈ្នះលើជំងឺកូវីដ១៩ ទី៣) ការមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទី៤) កត្តាមានមធ្យោបាយធ្វើដំណើរ ទី៥) កត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី៦) គឺគំនិតផ្តួចផ្តើម និងការធ្វើសកម្មភាពបានយ៉ាងល្អរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ការបំបែកឯកទគ្គកម្មនៃការបត់បេះដូង ដែលមានរហូតដល់ជិត ៤លាននោះ ជាការបង្ហាញឱ្យឃើញនូវការចូលរួមដ៏អស្ចារ្យ។ សម្តេចតេជោចង់ឱ្យអង្គការកំណត់ត្រាពិភពលោក ពិចារណាគិតជាភាគរយប្រជាពលរដ្ឋ ដើម្បីផ្តល់តម្លៃលើការបំបែកកំណត់ត្រាបត់បេះដូង សម្រាប់ប្រទេសចង់បំបែកកំណត់ត្រារបស់កម្ពុជា។ សម្តេចតេជោ រំពឹងថាយុវជនកម្ពុជា នឹងអាចបំបែកកំណត់ត្រារាំម៉ាឌីហ្សុន ប្រមាណ ៤ពាន់នាក់នៅថ្ងៃស្អែក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាមួយការវិនិយោគយ៉ាងគំហុកនៅខេត្តសៀមរាប ធ្វើឱ្យខេត្តនេះក្លាយតារារះនាទិសឧត្តរ។សម្តេចបន្តថា ការរៀបចំប្រជាពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបានជួយគាំទ្រដល់ការការពារប្រាង្គប្រាសាទអង្គរ ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត។សម្តេចតេជោក៏បានថ្លែងអំណរគុណទូតអាមេរិក ដែលបានជួយនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានជួញដូរនាពេលកន្លងមក៕