(រដ្ឋបាលខេត្តកំពង់ធំ)៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ព្រះសង្ឃ តាមរយៈរដ្ឋបាលសង្កាត់ស្រយ៉ូវ និងរដ្ឋបាលក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ងួន រនតៈ អភិបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី អ្នកម៉ៅការសាងសង់ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហម១ខ្សែ មានប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅវត្តរលួស ដែលផ្លូវសេចកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។
នៅក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវនេះ ឯកឧត្តម ងួន រតនៈ ថ្លែងថា យោងតាមការសង្កេតឃើញទូទៅ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ និងចៅអធិការវត្តរលួស ផ្លូវនេះថ្វីត្បិតតែវាមិនសូវពិបាក ប៉ុន្តែវាជាផ្លូវសេចកិច្ចមួយដ៏សំខាន់របស់ប្រប្អូនប្រជាពលរដ្ឋចរាចររស់រវើក ជាពិសេស ដឹកជញ្ជូនកសិផលកសិកម្មជាដើម។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្ត សម្រេចធ្វើការកែលម្អផ្លូវពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវចាក់កៅស៊ូ មានទទឹង ៧ម៉ែត្រ ប្រវែង ៥ពាន់ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ តភ្ជាប់រហូតដល់វត្តរលួស ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានសំណូមពរលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀត សូមមានការយោគយល់ យើងមានតម្រូវការច្រើន ក្នុងពេលតែមួយ ថវិកាមានចំនួនកំណត់ យើងនឹងព្យាយាមដោះស្រាយបញ្ហានានាតាមសំណូមពររបស់ប្រជាបលរដ្ឋជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលយើងមាន ។ ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា គម្រោងនៃការសាសងផ្លូវនេះ នឹងចាប់ផ្តើមអនុវត្ត នៅសប្តាហ៍ក្រោយ នឹងបញ្ចប់ការសាងសង់ឲ្យមុនថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ សំណូមពរលដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងសាងសង់ផ្លូវ ប្រកដោយភាពរលូន និងទុកជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា ។
សូមអាជ្ញាធរក្រុង និងសង្កាត់ ត្រូវរៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រាប មុននឹងយើងដាក់គ្រឿងចក្រសាងសង់ផ្លូវនេះឡើងវិញនាពេលខាងមុខនេះ។