រដ្ឋបាលខេត្តកំពង់ធំ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និង លោកជំទាវ សុខ ចន្ធូ សមាជិកក្រុមប្រឹក្សាខេត្តដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសេចក្ដីចម្រើន ដើម្បីរៀបចំព្រឹត្តការសង្រ្កាន្តឆ្នាំថ្មីឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខេមេសា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ។
ពិធីបែបសាសនាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ សុំសេចក្តីសុខ លាភជ័យនេះ ក៏មានប្រធានមន្ទីរ អង្គភាពជំុវិញខេត្ត មន្ត្រីរាជការ ចូលរួមយ៉ាងច្រើនកោះកុរផងដែរ ក្នុងន័យត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ។
រដ្ឋបាលខេត្តកំពង់ធំ បានបែងចែកតួនាទីផ្សេងៗគ្នាដល់អនុគណៈកម្មការរៀបចំពិធីសង្រ្កាន្តខេត្តរួចរាល់ហើយ ដោយមានការតុងតែងកែលម្អសោភ័ណ្ឌភាពតាមដងផ្លូវសាធារណៈ តាមរមណីយដ្ឋានទេសចរណ៍ ប្រគុំតន្រ្តីសម្តែងសិល្បៈ និងទីកន្លែងលេងល្បែងរបាំប្រជាប្រិយ។
រីឯតាមបណ្តាវត្តអារាមវិញ ក៏មានការរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មីនេះដូចគ្នាដែរ ដើម្បីផ្តល់បរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត។
ទន្ទឹមនោះ លោកឯកឧត្តម អភិបាលរងខេត្ត ក៏ដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងសមត្ថកិច្ច ចាំបាច់បង្កើនការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរនៅក្នុងមូលដ្ឋាន ឬតំបន់រមណីយដ្ឋានទេសចរណ៍នានា៕