(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សមាជិក សមាជិកាសាខាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់កាលពីពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅស្នាក់ការសាខាការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
ឯកឧត្តម ងួន រតន: បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន បានលើកឡើងថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលដោយអត់ស្បៀងអាហារនោះឡើយ)។
ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្រ្តាក់ និងបាតុភូតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។ ឯកឧត្តមបន្តថាទន្ទឹម និងការខិតខំប្រឹងប្រែងរកទទួលទាននេះ សូមបងប្អូនត្រូវបង្កើននូវការប្រុងប្រយ័ត្នចំពោះការបាក់ស្រុត និងត្រូវរុះរើសម្ភារៈប្រើប្រាស់មកទុកនៅកន្លែងដែលមានសុវត្ថិភាព។ លើសពីនេះទៅទៀតសូម បងប្អូន ប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យទៅជិតកន្លែងបាក់ស្រុតជាពិសេសការហូបចុកប្រចាំថ្ងៃ ត្រូវតែមានអនាម័យជាប្រចាំ។ បន្ថែមលើសពីនេះទៅទៀតបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដែលនៅជិតបំផុតនៅពេលមានបញ្ហាដើម្បីឲ្យពួកជួយបងប្អូនទាន់ពេលវាលាផងដែរ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូន១៩គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ កន្ទេល១ មុង១ ភួយ១ តង់១ និងថវិកាមួយចំនួនផងដែរ ។