រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ​សាមញ្ញ​លើកទី ៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សុខ លូ លើកឡើងអំពីការរៀបចំសណ្តាប់ធ្នាប់កន្លែងលក់ដូរ​របស់បងប្អូន​ប្រជាពលរដ្ឋនៅក្នុងផ្សារកំពង់ធំឲ្យមានរបៀបរាបរយ ការៀបចំប្រព័ន្ធលូរំដោះទឹកក្នុងក្រុងស្ទឹងសែន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលើកគម្រោងបង្កើតផ្សាររាត្រីក្នុងក្រុងស្ទឹងសែន ជួយលើកកម្ពស់​សោភ័ណ្ឌភាព​ក្រុងស្ទឹងសែនឲ្យមានសម្រស់កាន់តែស្រស់ស្អាត ដើម្បីត្រៀមការប្រគួតប្រលងប្រជែង​ទីក្រុង​ស្អាត យកជ័យលាភីផ្ការំដួល ៣ទង នៅឆ្នាំ ២០២២ខាងមុខនេះ។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំចុះត្រួតពិនិត្យការ​សាងសង់សំណង់អនាធិបតេយ្យ​ដែល​សាង​សង់​លើដីដែលគ្មានច្បាប់អនុញ្ញាត នៅគ្រប់ទីកន្លែងទាំងអស់។ ម្យ៉ាងវិញទៀត សំណងអនាធិបតេយ្យ​ដែលសាងសង់​នៅតាមដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ​មិនមាន​របៀប​រៀបរយ និងធ្វើការដោះស្រាយផលប៉ះពាល់ជូនគាត់នៅពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យ​សម្អាត​បរិស្ថានជុំវិញផ្ទះ ដោយធ្វើការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ មិនត្រូវបោះចោសសម្រាមនៅតាមទីសាធារណៈ ជាពិសេសនៅតាមតំបន់រមនីយដ្ឋាននានា ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនៅតាមតំបន់រមណីយដ្ឋាន ក៏ដូចជាទម្លាប់មិនល្អដល់ក្មេងៗជំនាន់ក្រោយផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់​ដល់ថ្នាក់​ដឹកនាំ​ខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំ​ប្រឹងប្រែងបំពេញការងារមាន​ទំនួលខុស​ត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេស​បានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមទាំងបានជំរុញដល់​មន្រ្​តីរាជការ​បណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលខេត្តកឲ្យបានលឿន ត្រឹមត្រូវច្បាស់លាស់ ព្រមទាំងគាំទ្រនូវការលើកឡើងរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំ ដើម្បីធ្វើយ៉ាងណា​ឲ្យខេត្តកំពង់ធំមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនេះ រួមមាន៖ ១-ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្ត និង ៣- បញ្ហាផ្សេងៗ៕

Related Post