រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីបើក​សន្និបាត​បូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ​ជាច្រើនរូបផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំ អានដោយលោក យ៉ូវ សេងគុណ នាយករដ្ឋបាល​សាលាខេត្ត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួង​មហាផ្ទៃ រដ្ឋបាលកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ដោយបានអនុវត្តតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តគោល​នយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» រក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្​ឋក្នុងខេត្តកំពង់ធំបានល្អប្រសើរ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក៏បានបន្តខិតខំ​អភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ សួនច្បារ ច្រាំងស្ទឹងសែន រង្វង់មូលវិមានឯករាជ រង្វង់មូលសួនអាចារ្យលាក់ រង្វង់មូលសួនដាវដែកកំពង់ស្វាយ សំណង់អគារខ្ពស់ៗ ជាពិសេស បានបង្ករភាព​ងាយស្រួលដល់ជា​ប្រជាពលរដ្ឋក្នុងមកទទួលយកសេវានៅអង្គភាពច្រកចេញចូលតែមួយ បានឆាប់រហ័ស និងទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា តាមរយៈអង្គសន្និបាតនេះ នឹងធ្វើការបែងចែក​ក្រុមពិភាក្សា​លើប្រធានបទសំខាន់ៗ ដែលក្រុមការងារបានរៀបចំរួចជាស្រេច ជូនដល់សមាជិកសមាជិកា នៃអង្គសនិ្នបាត ដូច្នេះ សូមសមាជិកសមាជិកាទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួម​ពិភាក្សា​ឲ្យ​បានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារនៅឆ្នាំ២០២០នេះ ឲ្យមានប្រសិទ្ធិភាពថែមទៀត។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានលើកឡើងអំពីមេរោគ COVID-១៩ ដែលយើងទាំងអស់គ្នា​មិនត្រូវភ័យស្លន់ស្លោ ហើយជឿពាក្យចចាមអារាមនោះទេ គឺយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បី​ទប់ស្កាត់កុំអោយ​មាន​ការរីករាលដាលនៃជំងឺនេះ ដោយសំអាតខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាល់កុល​អោយបាន​ញឹកញាប់ មុនពិសារចំណីអាហារ ឬប៉ះពាល់មាត់ច្រមុះ។ ម្យ៉ាងវិញទៀត បើបងប្អូនមានរោគសញ្ញាក្តៅខ្លួន ឬមាន​រោគសញ្ញាផ្លូវដង្ហើម នឹងទើបធ្វើដំណើរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់​ជាមួយ​អ្នកមាន​ជំងឺបង្កឡើងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញ​ទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត នៅបណ្តាខេត្តទាំងអស់​នៅ​ទូទាំង​ប្រទេស ផងដែរ៕

Related Post