រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញ ចុះចាក់វ៉ាក់សាំងការពារជំងឺ​សត្វពាហនៈគោ ក្របី នៅស្រុកបារាយណ៍

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញ​ចុះចាក់វ៉ាក់សាំង​ការពារ​ជំងឺ​សត្វពាហនៈគោ ក្របី ចំនួន ជិត៦០០ក្បាល របស់ប្រជាពលរដ្ឋ នៅឃុំចុងដូង ស្រុកបារាយណ៍ នាព្រឹកថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីចាក់វ៉ាក់សាំងនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងការពារ​ជំងឺសត្វសត្វពាហនៈនៅពេលនេះ គឺមិនមានការបងថ្លៃនោះទេ។ ម្យ៉ាងវិញទៀត សូមពុកម៉ែបងប្អូនត្រូវចេះ​ថែរក្សា​ការពារ​សត្វពាហនៈ គោ ក្របី របស់យើង ព្រោះសត្វនេះ គឺជាកម្លាំងអូសទាញ ដ៏មានសារ​សំខាន់​របស់បងប្អូនប្រជាកសិករ ក្នុងការប្រកបមុខរបរធ្វើស្រែចម្ការ ប្រសិនបើសត្វទាំងនេះ មានបញ្ហាអ្វីមួយនោះ សូមរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារពេទ្យសត្វភូមិ ចៀសវាងបង្កឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ អាចឈឺ ឬងាប់ ដែលនាំឲ្យខាត់បង់នូវចំណូលសេដ្ឋកិច្ចគ្រួសាររបស់យើង។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានជំរុញឲ្យ ក្រុមការងារ និងមន្ត្រីជំនាញសុខមាលភាពសត្វ ត្រូវបន្ត​សកម្មភាព​ចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈនេះ នៅគ្រប់ក្រុងស្រុកទាំងអស់ ទូទាំងខេត្តកំពង់ធំ មុនរដូវទឹកជំនន់ចូលមកដល់នាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់​ជំងឺឆ្លង​រលាកផ្លូវដង្ហើមកូវីដ-១៩ ដោយមិនត្រូវមានការប្រមូលផ្តុំ ឬជួបជុំគ្នាច្រើននោះទេ ។ ជាពិសេសត្រូវ រក្សា​អនាម័យ​ជាប់ជានិច្ច ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាម​ខ្លួនជា​ប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក​ ឬកណ្តាស់។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេល​ដែលប្រទេសកម្ពុជា​កំពុងតែទទួលរងនូវផលប៉ះពាល់​នូវជំងឺកូវីដ-១៩ បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយ​រងគ្រោះ​ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយណែនាំកូនៗ ជាពិសេស យុវជន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បើកគោយន្តនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ និងមានបិទចំណាំង​ផ្លាត​គ្រប់គ្រាន់៕

Related Post