រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ៖ សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនមិត្តភ័ក្រ្តឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ!

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់ ឯកឧត្តមលោកជំទាវ លោកលោកស្រី មន្រ្តីរាជការ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋប្រមាណ ៧២០នាក់ ដែលបានអញ្ជើញចូលរួម នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២នេះ ពេលត្រឡប់ទៅវិញ សូមជួយផ្សព្វផ្សាយបន្តដល់ បងប្អូនមិត្តភ័ក្រ្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ។ ការជួយផ្សព្វផ្សាយគឺជាកាយវិការមនុស្សធម៌មួយដ៏ប្រពៃ ព្រោះយើងអាចបានចូលរួមចំណែកជួយសង្គ្រោះជីវិតមនុស្សនៅលើផ្លូវថ្នល់ ដើម្បីកុំឲ្យការសប្បាយដើរកម្សាន្ត ឬការធ្វើដំណើរទៅសួរសុខទុក្ខបងប្អូននៅស្រុកកំណើត ក្លាយជាសោកនាដកម្មនៅក្នុងគ្រួសារទៅវិញ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តក៏បានលើកឡើងពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានការស្លាប់ និងរបួសបង្ក គឺបង្កឡើងដោយសារការបើកបរក្នុងល្បឿនហួសកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថានបានបង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនៅកុមារកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា របស់យើង។

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ដែលផ្ដួចផ្ដើមដោយគណៈកម្មាធិការសេដ្ឋកិច្ច និង សង្គមកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមាជិក រៀបចំនៅក្នុងអំឡុងខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេស ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន៕

Related Post