រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពង់ធំចូលរួម រុក្ខទិវា ៩ កក្កដា ដែលបានប្រារព្ធឡើង នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាម ព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានរាជបន្ទូលថា ព្រៃឈើ ជាប្រភពធនធានធម្មជាតិដ៏ប្រសើរមួយ មិនអាចខ្វះបាន សម្រាប់ធានាអាយុជីវិតប្រជារាស្ត្រយើង ហើយចាំបាច់យើងត្រូវតែរក្សាការពារ និងប្រើប្រាស់ផល និងអនុផលព្រៃឈើឲ្យបានសមស្រប។ ពិធី ” បុណ្យ រុក្ខទិវា ” ជាសកម្មភាព ដ៏ឧត្តុង្គឧត្តម ដែលយើងរួបរួមគ្នាស្តារ និងថែរក្សាប្រភពធនធានជាតិដ៏សំខាន់ ជារតនសម្បត្តិដ៏មានតម្លៃ សម្រាប់លើកស្ទួយសង្គមជាតិយើង។ ពិសេសព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាការរំឭក និងចងចាំផងដែរ នូវព្រះរាជបូជនីយកិច្ច ដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យ ជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបដិសន្ធិ “ បុណ្យ រុក្ខទិវា ” នេះ ឡើងជាព្រះរាជប្បវេណី តាំងពីឆ្នាំ១៩៥២ នៅសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមយ៉ាង ផុលផុស ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ នៅក្នុងសង្គមជាតិយើងទាំងមូល ហើយនៅទីបំផុត ត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយហៅថា ” បុណ្យ រុក្ខទិវា ” តរៀងមកទល់បច្ចុប្បន្ននេះ។ ទិវានេះ ពិតជាផ្តល់ នូវឧត្តមប្រយោជន៍ ដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាតិយើង ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃការកសាង គ្រឹះសេដ្ឋកិច្ចជាតិ ជាសក្ខីកម្ម បង្ហាញពីសាមគ្គីភាព ស្អិតល្មួតរវាង ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងការជំរុញ លើកទឹកចិត្ត ចូលរួមចលនាដាំដើមឈើ ការពារថែរក្សា ព្រៃឈើ សត្វព្រៃ គ្រប់ប្រភេទ ដើម្បីផ្តល់សារប្រយោជន៍ ដ៏សម្បូរបែបដល់ សង្គមជាតិយើងទាំងមូល។
រុក្ខទិវា ៩ កក្កដា ឆ្នាំនេះមានកូនឈើកម្រ និងឈើប្រណិតចំនួន ១៣១៣៥ដើម ដែលត្រូវដាំលើផ្ទៃដីសរុប ១០ហិកតា រួមមាន៖ កកោះ ៣០០០ដើម , អង្កាញ់ ៤៥០០ដើម, ធ្នង់ ៣០០០ដើម ,ក្រញូង ២០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រចំនួន ៦០០ ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រចំនួន ៣៥ដើម ៕