សាខាកាកបាទក្រហមខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំថ្មី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញរួមពីសំណាក់ឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋ សរុបប្រមាណ ១៥០០ នាក់។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានធ្វើរបាយការណ៍ពីវឌ្ឍនភាពរបស់សាខា ក្នុងការងារអភិវឌ្ឍស្ថាប័ននិងការអភិវឌ្ឍធនធានអណត្តិទី៤ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការកសាងទីស្នាក់ការសាខាថ្មី ដែលមានទំហំ ២០ ម៉ែត្រ × ១៨ ម៉ែត្រ កម្ពស់២ជាន់ ចែកចេញជា៤ការិយាល័យធ្វើការ សាលប្រជុំធំ១ តូច១ បន្ទប់ទឹក៨ និងបានកសាងអគារអនុសាខាតាមបណ្តាស្រុក ដើម្បីធានាឱ្យបានក្នុងការផ្តល់សេវាកម្មមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងអ្នកងាយរងគ្រោះបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ក្រោមការដឹកនាំនិងតម្រង់ទិសដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នៅក្នុងពិធីសំណេះសំណាលនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងថ្លែងអំណរគុណ ប្រកបដោយការកោតសរសើរ ចំពោះវឌ្ឍនភាពសំខាន់ៗរបស់សាខា ដែលសម្រេចបានកន្លងមកជាពិសេសក្នុងអណត្តិទី៤ បានបង្ហាញយ៉ាងច្បាស់លាស់ពីភាពត្រឹមត្រូវនៃយុទ្ធសាស្រ្ត ២០១១-២០២០ ដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងអនុវត្តតាមគោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការទាំងនៅទីស្នាក់ការកណ្តាល និងសាខា រួមមាន ការពង្រឹងរចនាសម្ព័ន្ធ បង្កើនសមត្ថភាពធនធានមនុស្ស ការកសាងអគារ ការិយាល័យអនុសាខា និងការគៀងគររកមូលនិធិជាដើម។ សមិទ្ធផលនៃអគារថ្មីនេះ បានឆ្លុះបញ្ចាំងនូវគុណតម្លៃស្ថាប័នមនុស្សធម៌គឺការកសាងកិត្តិនាម កិត្យានុភាព ការជឿទុក្ខចិត្តពីសប្បុរសជន ដែលជាក្តីសង្ឃឹមសម្រាប់ជនរងគ្រោះ និងងាយរងគ្រោះទាំងឡាយ។ បន្ថែមលើនោះលោកជំទាវបានអំពាវនាវសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី បន្តនូវប្រពៃណីសប្បុរសធម៌ និងវប្បធម៌ចែករំលែក ចូលរួមគាំទ្រទាំង ស្មារតី សម្ភារបច្ចេកទេសដល់សាខាខេត្តកំពង់ធំ ដើម្បីឱ្យកម្លាំងប្រតិបត្តិករ ក្នុងរដ្ឋបាលដែនដីនេះ មានសក្តានុពលភាព ជួយសម្រាលទុក្ខលំបាករបស់គ្រួសារងាយគ្រោះទាំងឡាយកាន់តែមានប្រសិទ្ធភាពថែមទៀត ធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ជាទីពឹងដ៏កក់ក្តៅ និងជាកម្លាំងឈានមុខ សម្រាប់សម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលជារៀងដរាបតទៅ។
សូមបញ្ជាក់ដែរថានៅក្នុងពិធីសម្ពោធនេះសាខាបានទទួលថវិកាឧបត្ថម្ភពីទីស្នាក់ការកណ្តាល និងសប្បុរសជនសម្រាប់កសាងឃ្លាំងស្តុកទំនិញនិងសម្ភារៈជាទឹកប្រាក់សរុបចំនួន ២៤,០២៥ ដុល្លារអាមេរិក៕