ក្នុងពិធីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០១៨-២០១៩ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក ក្រុងស្ទឹងសែន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។ ម្យ៉ាងវិញទៀត វិញ្ញាដែលបានយកមកប្រឡងនៅពេលនេះ គឺមានការវិចខ្ចប់ និងដឹកជញ្ជូនបានត្រឹមត្រូវ ព្រមទាំងមានការរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដោយមានការយាមកាមច្បាស់លាស់។ ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ពីធីនេះ ក៏មានការអញ្ជើញចូលរួមមាន ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។។
ទន្ទឹមនឹងនោះ ឯកឧត្តម មានមតិផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង។
លើសពីនេះទៀត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ខិតខំធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ ដែលបានរួម ចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្តទៀត ព្រមទាំងជូនពរក្មួយៗទាំងអស់ ឱ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុបនាឆ្នាំ២០១៩ នេះ។
យោងលើរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន២ មណ្ឌល និងថ្នាក់សង្គមចំនួន០៧មណ្ឌល គិតជាបន្ទប់មានចំនួន១៨៤បន្ទប់ មានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន ៤៥៣៦នាក់ស្រី ២៤៨៣នាក់៕