រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បន្តចុះផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីចុះជួបប្រជាពលរដ្ឋដែលទើបត្រលប់មកពីក្រៅប្រទេស នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បី​ការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមពុកម៉ែបងប្អូន ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួម​អនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល៖ ១. ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ៣. ជៀសវាងប៉ះពាល់​ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ, ៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

ឯកឧត្តមបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ បើស្រលាញ់​ក្រុម​គ្រួសារ ស្រលាញ់សាច់ញាតិ ត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន មិនត្រូវដើរចេញទៅជួប ឬប៉ះពាល់អ្នកទទៃ ហើយត្រូវឈរនិយាយគ្នា មានចំងាយយ៉ាងតិច ២ម៉ែត្រ ជាពិសេសត្រូវនៅ​អោយឆ្ងាយ​ពីមនុស្ស ចាស់ និងកុមារ ដែលជាបុគ្គលងាយនឹងឆ្លងជាងគេ។ ម្យ៉ាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្អក ឬកណ្តាស ត្រូវពាក់ម៉ាស ឬយកក្រម៉ាខ្ទប់មាត់ ឬកែងដៃ ដើម្បីចូលរួមបង្ការទប់ស្កាត់​ការរីករាលដាល​ជំងឺឆ្លងកូវីដ-១៩។

លើសពីនេះទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណី​មានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាល ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានជម្រុញដល់អាជ្ញាធរក្រុងស្រុកបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើ​ការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹង​កាន់តែច្បាស់​អំពី​វិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើង៕

Related Post