រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលល្អៗជាច្រើន ដែលសាខាអនុវត្តសម្រេចបានក្នុងឆ្នាំ២០២១ ស្របតាមសូចនាករ និងការរំពឹងទុក តាមទិសដៅនៃផែនការ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់គណៈកម្មាធិការសាខា គណៈកម្មាធិការអនុសាខាក្រុងស្រុក មន្ត្រីក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមទាំងអស់ ទោះបីប្រទេសយើងស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីត១៩ និងការប្រឈមបម្រែបម្រួលអាកាសធាតុក្តី ក៏យើងទាំងអស់គ្នា បានខិតខំយកអស់កម្លាំងកាយចិត្ត និងការបរិច្ចាគធនធាន ចូលរួមអនុវត្តវិស័យអាទិភាពទាំង៤ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ មានដូចជា ចាស់ជរា គ្រួសារក្រីក្រ ជនពិការ កុមារកំព្រា តាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រកបដោយប្រសិទ្ធភាព និងមានស្មារតីទទួលខុសត្រូវខ្ពស់។

លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានជំរុញដល់គណៈកម្មាធិការអនុសាខាក្រុងស្រុកណាដែលមិនទាន់មាន អ្នកស្ម័គ្រចិត្ត សូមធ្វើការជ្រើសរើស ព្រោះអ្នកស្ម័គ្រចិត្ត គឺជាកម្លាំងស្នូលជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជា។ ហើយយើងត្រូវបង្កើតវគ្គបណ្ដុះបណ្ដាល នូវចំណេះដឹងជាមូលដ្ឋាន អំពីតម្លៃមនុស្សធម៌ រួមទាំងចំណេះដឹងអំពីការអប់រំសុខភាព និងវិជ្ជាសង្គ្រោះបឋម ដែលពួកគាត់ត្រូវធ្វើសកម្មភាព ឬប្រតិបត្តិការនៅតាមភូមិ ឬមូលដ្ឋានតាមតម្រូវការជាក់លាក់ ។

Related Post