(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឲ្យកាន់តែល្អប្រសើរ ជាពិសេសត្រួតពិនិត្យទៅលើសមិទ្ធផលដែលភាគីទាំងពីរ ដែលបានចុះអនុស្សារណៈនៃការយោគយល់ (MOU) ដោយផ្តោតសំខាន់ទៅលើកិច្ចសហការគ្នាលើវិស័យសុខាភិបាល អប់រំ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ ។
ឯកឧត្តម ងួន រតនៈ បន្តទៀត ដើម្បីជម្រុញឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត ខេត្តកំពង់ធំនឹងដឹកនាំប្រតិភូសភាពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ ទៅជួបពិភាក្សាជាមួយអ្នកវិនិយោគខេត្តដុងណាយនាពេលខាងមុខនេះ ។ លើសពីនេះទៀត ខេត្តទាំងពីរនឹងជំរុញឲ្យមន្ទីរ អង្គភាពរបស់ខ្លួន ធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់លើ វិស័យសុខាភិបាល អប់រំ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ស្របតាមខ្លឹមសារ នៃអនុស្សារណៈនៃការយោគយល់គ្នា ។
ទន្ទឹមនោះដែរ ឯកឧត្តម ងួន រតនៈ បានលើកឡើងអំពីស្ថានភាពទូទៅ និងសក្តានុពល នៃខេត្តកំពង់ធំ ជូនអង្គពិធី។ ឯកឧត្តមបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តដុងណាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលនេះ បានសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពដ៏ស្អិតរមួតរវាងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាប់ជានិច្ច ។
ជាមួយគ្នានោះដែរលោកស្រី វី វុ ហុង ថាវ អនុប្រធានសហភាពបណ្តាសមាគមមិត្តភាពខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្លែងថាខេត្តដុងណាយ គឺជាខេត្តមួយដែលមានសក្ដានុពលខ្លាំងផ្នែកសេដ្ឋកិច្ច។ ហើយសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងណាយ រងចាំទទួលស្វាគមន៍ជានិច្ចសម្រាប់ទទួលកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍រវាងប្រជាជនខេត្តកំពង់ធំ និងប្រជាជនខេត្តដុងណាយ ។