ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំក្រុមការងារនាំយកថវិកាសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នូវថវិកាចំនួន ៤.០០០.០០០រៀល ទៅប្រគល់ជូនដល់ក្រុមគ្រួសារសព ឯកឧត្តម ជា ពា អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម ឈុន ឈន់ ក្នុងនាមសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត មានក្តីរន្ធត់ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក ចំពោះការទទួលមរណៈភាពរបស់ ឯកឧត្តម ជា ពា អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និងបានលះបង់កម្លំាងកាយចិត្ត ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមសូមសំដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ហើយសូមចូលរួមរំលែកទុក្ខសោក ដោយអាឡោះអាល័យក្រៃលែងជាទីបំផុត ជាមួយនិងក្រុមគ្រួសារ ព្រមទំាងញាតិមិត្តទំាងអស់នៃសព។
លោកជំទាវ ខៀវ សាដាំ ត្រូវជាភរិយានៃសព បានសំដែងនូវការដឹងគុណថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់ជួយផ្តល់ជាសម្ភារ និងថវិកា ដើម្បីជួយកាត់បន្ថយក្នុងការដោះស្រាយជីវភាពរបស់គ្រួសារ។
“សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបាននូសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច”