រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សិក្ខាសាលាស្តីពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់ នៅសាលប្រជុំសាលាខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរមុខងារសាធារណៈខេត្ត បានរៀបចំសិក្ខាសាលាស្តីពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់ ក្រោមអធិបតីភាព លោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ស សាម៉ីឌី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននីតិកម្ម និងវិវាទមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និងលោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រង មុខងារសាធារណៈ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ក្នុងគោលបំណងការពារ ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្ម នូវគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ បានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យសំខាន់ៗ រួមមាន៖ (១) ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ (២) កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (៣) កំណែទម្រង់រដ្ឋបាលសាធារណៈ និង (៤) កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។

លោកជំទាវបន្ថែមទៀតថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងការពារផលប្រយោជន៍ មន្ត្រីរាជការស៊ីវិល ផ្អែកតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាពិសេស ពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់ គ្រប់គ្រងតាមដាន និងត្រួតពិនិត្យសំណើនានា ពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល នៅថ្នាក់ក្រោមជាតិ តាមការផ្ទេរភារកិច្ចពីក្រសួងមុខងារសាធារណៈ។

ម្យ៉ាងវិញទៀត សូមសមាជិកអង្គពិធីទំាងមូល ត្រូវយកចិត្តទុកដាក់ទៅលើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាឱកាសមួយ សម្រាប់មន្ត្រីរាជការទាំងអស់ចូលរួម កសាងនូវរដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព។ ដូចនេះមន្រ្តីរាជការត្រូវមានឆន្ទៈម្ចាស់ការ  ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងស្មោះត្រង់ដែលបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងបន្តអនុវត្តគោលនយោបាយ កំណែទម្រង់ រដ្ឋបាលសាធារណៈឲ្យទទួលបានជោគជ័យ ត្រូវផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិត ពីភាពជាម្ចាស់ «អ្នកត្រួតត្រា»ឲ្យទៅជា«អ្នកផ្តល់សេវា និងអ្នកបម្រើសេវា» ។

Related Post