រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃនៅដើមខែតុលា ឆ្នាំ២០១៧នេះ នៅតាមដងស្ទឹងសែន

សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ព្រោះរដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងសែន ខេត្តកំពង់ធំ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យនេះ ដោយមានការចូលរួមពី ឯកឧត្តម គណៈអភិបាលខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ចូលរួមផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីបនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះ ជូនជាតិមាតុភូមិយើង។

ឯកឧត្តមបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះ ដើម្បីធ្វើការពិភាក្សាគ្នា និងពិនិត្យមើលរាល់ការងារ ដែលអនុគណៈកម្មការទាំង៦អនុវត្ត ដើម្បីធ្វើការរៀបចំក្រុងស្ទឹងសែន ឲ្យមានសោភ័ណ្ឌភាព កាន់តែមានភាពស្រស់ត្រកាលឡើង នៅតាមសួនច្បារសាធារណៈនីមួយៗ មានដើមឈើ ដើមផ្កា អមដោយអំពូលភ្លើងនៅពេលរាត្រី ដោយមានការប្រគំតន្រ្តី បាញ់កាំជ្រួច បណ្តែតប្រទីប ដែលញ៉ាំងពិធីនេះមានភាពសប្បាយរីករាយបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានណែនាំការងារមួយចំនួន ដែលសំខាន់ចំពោះកម្លាំងសមត្ថកិច្ ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងកំណត់នូវទីចំណតយានយន្តគ្រប់ប្រភេទ នៅតាមគោលដៅនីមួយៗ ត្រូវសង្កត់ធ្ងន់ទៅលើការងារចរាចរ ក្នុងពេលពិធីបុណ្យ។ ក្នុងនោះឯកឧត្តមស្នើអនុគណៈកម្មការ ត្រូវសហការគ្នា ក្នុងការរៀបចំពិធីនេះ ឲ្យដំណើរការទៅដោយជោគជ័យ និងជម្រុញមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង រៀបចំសំអាតបរិស្ថានជុំវិញក្រុង និងអនាម័យតាមដងផ្លូវ ឲ្យបានរួចមុនថ្ងៃបុណ្យអុំទូក។

Related Post