រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាថ្មីរបស់ធនាគារភ្នំពេញ ពាណិជ្ជ (PPCBank) ត្រូវបានសម្ពោធជាផ្លូវការនៅខេត្តកំពង់ធំ

សាខាថ្មីរបស់ធនាគារភ្នំពេញ ពាណិជ្ជ (PPCBank) ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

លោក Shin Chang Moo នាយកប្រតិបត្តិធនាគារភ្នំពេញពាណិជ្ជ បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់កិច្ចសហការល្អ និងបង្ករភាពងាយស្រួលដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ការបង្កើតធនាគារភ្នំពេញ ពាណិជ្ជ ក្នុងគោលបំណងពង្រីកបណ្តាញ របស់ធនាគារ អោយកាន់តែមានភាពធំទូលាយ ដើម្បីជួយសម្រួលដល់អតិថិជន អោយកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាខេត្តកំពង់ធំទំាងមូល។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសក្តានុពលផ្នែកកសិឧស្សាហកម្ម ដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ជាដើម។ ក្នុងនោះក្រោយពីការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧រួចមក យើងសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានការកើនឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ អាចមានលទ្ធភាពប្រើប្រាស់សេវាកម្ចីពីធនាគារ ដើម្បីធ្វើជាដើមទុក ក្នុងការវិនិយោគ បង្កើតជាផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទំាង ជួយគាំទ្រលើវិស័យធនាគារ និងត្រូវមានភាពជឿជាក់លើការបម្រើសេវាកម្ម របស់ធនាគារប្រកប ដោយប្រសិទ្ធភាព និងទទួលបានជោគជ័យនៅថ្ងៃខាងមុខ។

Related Post