រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបិទវគ្គបណ្តុះបណ្តាលបឋម សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៦

នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលបឋម ក្រោមអធិបតីភាព ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ នាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុប ៩០នាក់ ដែលមកពីបណ្តាខេត្តចំនួន ៤ គឺ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។

នាឱកាសនេះដែរ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយ សិក្ខាកាម និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា “ក្នុងនាមជាមន្ត្រីរាជការត្រូវសិក្សាស្វែងយល់ពីច្បាប់សហលក្ខខន្តិកមន្ត្រីរាជការសីុវិល ជាពិសេសត្រូវដឹងពីសិទ្ធិ និងកាតព្វកិច្ចមន្ត្រីរាជការសីុវិល”។ ឯកឧត្តមបានបន្តទៀតថា “ក្នុងនាមជាមន្ត្រីរាជការសីុវិល ត្រូវគោរពតាមការចាត់តាំងរបស់ថ្នាក់លើ បើថ្នាក់លើចាត់ឱ្យបំពេញការងារណាមួយហើយ ត្រូវតែទៅបំពេញ ទោះចង់ ឬមិនចង់ក៏ដោយ ព្រោះការវាស់ស្ទង់សមត្ថភាពកើតចេញ ពីស្នាដៃបំពេញការងារ ដែលថ្នាក់លើផ្តល់ជូន។ ដូចនេះមន្ត្រីរាជការជំនាន់ក្រោយ ជាពិសេសប្អូនៗដែលជាសិក្ខាកាម ត្រូវខិតខំប្រឹងប្រែងបំពេញការងារ បើថ្នាក់លើចាត់ឱ្យបំពេញការងារអ្វីមួយចូរកំុបដិសេធ”។

ជាចុងក្រោយឯកឧត្តមបានថ្លែងអំណរគុណ ដល់ក្រសួងមហាផ្ទៃ ក៏ដូចជានាយកដ្ឋានបណ្តុះបណ្តាល ដែលតែងតែយកចិត្តទុកដាក់ ខិតខំរៀបចំវគ្គបណ្តុះបណ្តាលនានាជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ និង ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់យកចំណេះដឹង ដែលទទួលបានពីការ បណ្តុះបណ្តាលនេះ ទៅអនុវត្តតាមអង្គភាពរបស់ខ្លួនឲ្យមានប្រសិទ្ធភាព។

Related Post