រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ដល់សហគមន៍ជនជាតិដើមភាគតិច

សិក្ខាសាលាថ្នាក់តំបន់ ដើម្បីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច គោលនយោបាយ ស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច និងការចែករំលែកបទពិសោធន៍ នៃដំណើរការអនុវត្ត ក្រោមអធិបតីភាពលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅសណ្ឋាគារ គ្លរៀស ដែលសហការៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

ឯកឧត្តម គង់ វិមាន មានប្រសាសន៍លើកឡើងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសក្តានុពលផ្នែកកសិឧស្សាហកម្ម ដូចជា ស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ដែលកំពុងតែមានការដាំយ៉ាងច្រើន ក្នុងទឹកដីខេត្តកំពង់ធំ និងកំពុងតែប្រមូលផលជាបន្តបន្ទាប់ ដែលធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ធំ មានការរីកចម្រើន និងអភិវឌ្ឍន៍បានឆាប់រហ័ស។

ម្យ៉ាងវិញទៀត ក្រោយពីការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ រួចមក យើងសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនចូលមកទស្សនារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងនោះក៏មានបង្កើតជាភូមិគួយ និងសំដែងរបាំរបស់ជនជាតិដើមភាគតិច លក់ផលិតផលក្នុងស្រុក អាហារដ្ឋាន និងសេវាកម្មផ្សេងៗ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានការប្រសើរឡើង។ ឯកឧត្តមបន្ថែមទៀតថា ជនជាតិដើមភាគតិចរស់នៅខេត្តកំពង់ធំ ៥ស្រុក ១២ឃុំ និង៣២ភូមិ ស្មើនិង ៣,០៨៧គ្រួសារ និងមានមនុស្សសរុបចំនួន ១៤,៤០៤នាក់ ក្នុងនោះស្រី ៧,៦០២នាក់ ដែលពួកគាត់ បានថែរក្សានូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសា របស់ខ្លួនផងដែរ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា មានប្រសាសន៍លើកឡើងថា សិក្ខាសាលានេះ មានការចូលរួមពីខេត្តកពង់ធំ ព្រះវិហារ ស្ទឹងត្រែង សៀមរាប ឧត្តមានជ័យ រតនគីរី និងមណ្ឌលគីរី ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព និងយន្តការដល់មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពាក់ព័ន្ធទំាងគ្រប់ភាគីទំាងអស់ ក្នុងការអនុវត្តគោលនយោបាយ អនុក្រឹត្យ សារាចរ យល់ដឹងពីសិទ្ធរបស់ជនជាតិដើមភាគតិច មានប្រមាណជាង១% នៃចំនួនប្រជាជនសរុបនៃខេត្តចំនួន ១៥ខេត្ត និងតំបន់ផ្សេងៗទៀត ដើម្បីបង្ហាញពីចក្ខុវិស័យ ទិសដៅ គោលនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងតំបន់ដែលជនជាតិដើមភាគតិចរស់នៅ បានផ្តោតសំខាន់ទៅវិស័យវប្បធម៌ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ និងទេសចរណ៍ ជាដើម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូន ផ្តល់សេវាអប់រំ និងសុខភាពបងប្អូនឲ្យបានប្រសើរឡើង ព្រមទំាងជួយការពារ និងថែរក្សាវប្បធម៌របស់ពួកគាត់ផងដែរ។

Related Post