រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សា​ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ។

បន្ទាប់ពីដាក់ជូនរបៀបវារៈ នៃអង្គប្រជុំទាំង០៦ រួមមាន ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត ២). របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆមាសទី៣ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៤). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងស្តីពីការរៀបចំឡើងវិញ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ៥). ពិនិត្យ និងអនុម័ត លើសំណើតែងតាំងមន្ត្រីរាជការតាមមន្ទីរ-អង្គភាពខេត្ត និង ៦). បញ្ហាផ្សេងៗ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឈុន ឈន់ លើកឡើងថា ដើម្បីឲ្យខេត្តកំពង់ធំយើង មានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ។ លើសពីនេះទៅទៀតការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។

មួយវិញទៀត ការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព មានភាពសាមញ្ញ ប្រសិទ្ធភាព ភាពដែលអាចជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា  ហើយក៏ជាគន្លឹះ នៃការអភិវឌ្ឍន៍ខេត្តយើងដ៏ពិតប្រាកដ ភាពរីកចម្រើននៃជីវភាពរបស់ពួកគាត់ ឆ្លុះបញ្ចាំងពីភាពរីកចម្រើន នៃសេដ្ឋកិច្ចរបស់ខេត្តដែលធ្វើឲ្យប្រទេសជាតិយើងរក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំបន្តទៀត ។

ម្យ៉ាងវិញទៀតថ្មីៗ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្វើឲ្យខេត្តកំពង់ធំ មានការកើនឡើងនៅភ្ញៀវទេសចរណ៍ជាបន្តបន្ទាប់ ក្នុងនោះខេត្តក៏បានគិតគូរ សុខសន្តិភាព អាហារដ្ឋាន ការស្នាក់នៅ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទទួលបានប្រាក់ចំណូល ពីការបម្រើសេវាដល់ភ្ញៀវទេសចរណ៍ អាចជួយបង្កើនជីវភាពគ្រួសារបានមួយកម្រិតផងដែរ៕

Related Post