រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ស្វែងរកដំណោះស្រាយឈ្នះៗទាំងសងខាង រវាងលោកគ្រូ អ្នកគ្រូ វិទ្យាល័យកំពង់ធំ ជាមួយមន្ត្រីកងរាជអាវុធហត្ថ

ក្រោយប៉ះទង្គិចពាក្យសម្ដីនៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែមិគសិរ ឆ្នាំរកានព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមគោរពទង់ជាតិជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យកំពង់ធំ ដោយបានពាំនាំនូវដំណោះស្រាយសម្របសម្រួលមួយដែលអាចទទួលយកទាំងសងខាង ឈ្នះៗទាំងអស់គ្នា រវាងទំនាស់ពាក្យសំដី និងការយល់ច្រឡំគ្នាខ្លះ រវាងលោកគ្រូ អ្នកគ្រូមួយចំនួន ជាមួយលោក សួស សុវណ្ណា ប្រធានស្នាក់ការសន្តិសុខ៦០១ ដោយចាប់ដៃគ្នា ប្រកបទឹកមុខរីករាយ បង្កើនចំណងសាមគ្គីភាព មិត្តភាពរួមទាំង កិច្ចសហការល្អជាមួយគ្នា ។

បន្ទាប់ពីឯកឧត្តម អភិបាលខេត្ត បានធ្វើការសម្របសម្រួលរួចមក និងមានការឯកភាពស្រុះស្រួលគ្នាវិញ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានបង្រៀនឡើងវិញជាធម្មតា ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស ទាំងអស់ ត្រូវគោរពវិន័យ គោរពដឹងគុណលោកគ្រូ អ្នកគ្រូ គោរពច្បាប់ចរាចរណ៍ បើកបរពាក់មួកសុវត្ថិភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលខាងមុខ ដូច្នេះ ដើម្បីឲ្យក្លាយជាឬស្សីល្អ សូមលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀន អប់រំទូន្មាន ដល់សិស្សានុសិស្សទំាងអស់ ប្រកបដោយសមធម៌ នឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ។

ចុងក្រោយឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលតែងតែបានធ្វើគំរូល្អដល់សិស្ស និងជួយបង្ហាត់បង្រៀនសិស្ស អោយក្លាយជាពលរដ្ឋល្អក្នុងសង្គម។

Related Post