រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យអង្គភាពជាប់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀនអនុវត្តន៍ភារកិច្ចរបស់ខ្លួន

ដើម្បីអនុវត្តឲ្យបានសម្រេចនូវគោលបំណង និងសំណូមពរផែនការ របស់រាជរដ្ឋាភិបាលស្តីអំពី យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី៣ ឲ្យបានសម្រេច អភិបាលខេត្តកំពង់ធំ ធ្វើការ ជម្រុញ ខ្លាំងៗចំពោះអង្គភាព មន្ទីរ ដែលជាប់ពាក់ព័ន្ធ និងការបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវតែអនុវត្តន៍ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំលើកឡើងថា អធិការក្រុង ស្រុក ទាំងអស់មិនមែនមិនដឹងពីមុខសញ្ញា ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នោះទេ គឺបើមានភាពខ្វះចន្លោះ ក្នុងបង្រ្កាប មានន័យថា មិនបានយកចិត្តទុកដាក់ចំពោះការងារស្នូលរបស់ខ្លួន។ ការថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី១២ ខែ មិនា ឆ្នាំ ២០១៨ ក្នុងកិច្ចប្រជុំបូកសរុបការងារបង្ក្រាបគ្រឿងញៀន ដើមឆ្នាំ២០១៨។ ឯកឧត្តម បន្តថា ការខិតខំប្រឹងប្រែង អនុវត្តន៍នូវផែនការសកម្មភាព នឹងឈានទៅរកការប្រមូលផ្តុំនូវព័ត៌មាន នៃមុខសញ្ញពិតប្រាកដ លើសពីនេះទៅទៀតដើម្បីឲ្យកិច្ចការនេះទទួលបានភាពជោគជ័យ យើងទាំងអស់គ្នាត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងមានកិច្ចសហការការងារមួយចំនួន ដោយធ្វើការផ្សព្វផ្សាយពីខ្លឹមសារ យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យបានទូលំទូលាយ កសាងផែនការសកម្មភាពជាក់ស្តែងតាមវិស័យ ជំនាញ និងតាមភូមិសាស្ត្រនីមួយៗទៅតាមតំបន់ជាពិសេសទៅតាមសាលារៀន និងតាមមូលដ្ឋានឲ្យបានញឹកញាប់បំផុត ព្រមទាំងធ្វើការអនុវត្តឲ្យបានទៀងទាត់ ច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ គ្រប់កាលៈទេសៈផងដែរ។

ក្នុងនោះដែរលោក វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍អំពី លទ្ធផលនៃការងាររយៈពេលពីរខែ គឺខែ មករា និងកុម្ភៈ ដើមឆ្នាំ២០១៨ នេះ ថា តាមរយៈគោលការណ៍ព្រាបសមរភូមិ ប្រឆាំងបទល្មើសគ្រឿងញៀន មានអ្នកប៉ះពាល់គ្រឿងញៀនចំនួន ៣៨៨ នាក់ ស្រី០១នាក់ ដែលជនរងគ្រោះភាគច្រើនគឺជាជនទំនើង ស្រទាប់យុវជន សិស្សគេចសាលា សិស្សបោះបង់ការសិក្សា ក្មេងអនាថា ក្រុមស្ត្រីបម្រើសេវាកំសាន្ត និងកម្មករជាដើម។ ចំពោះការផលិត និងដាំដុះក្នុងភូមិសាស្រ្តខេត្តកំពង់ធំ គ្មាននោះទេ រីឯគ្រឿងញៀនដែលចរាចរណ៍នៅក្នុងខេត្តកំពង់ធំ គឺមានប្រភពនាំចូលមកពីខេត្តកំពង់ចាម ព្រះវិហារ និងរាជធានីភ្នំពេញផងដែរ។

Related Post