រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព និងកុំជឿការញុះញង់របស់បុគ្គលមួយចំនួនតូច

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដើម្បីឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមិនត្រូវជឿតាមការញុះញង់របស់បុគ្គលមួយចំនួនតូច ដែលឃោសនាមិនឲ្យបងប្អូនទៅបោះឆ្នោតនោះឡើយ។

ឯកឧត្តម បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាមេគ្រួសារក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ប្រមាណជាង ១ពាន់នាក់ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨។ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានជម្រាបពីដំណើរការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល ក្លាយជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។

ឯកឧត្តមបានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ ដោយនយោបាយ ឈ្នះ! ឈ្នះ! ចំនួន ៣ រួមមាន៖ ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម, ទី២៖ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះបាន។ លក្ខខណ្ឌទាំង៣នេះហើយ នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ជាចុងក្រោយ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជានៅសង្កាត់អាចារ្យលាក់ និងថ្លែងអំណរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល  ហើយប្តេជ្ញាថែរក្សាសុខសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត។

Related Post