រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្តេជ្ញាយកផ្ការំដួលបីទងឲ្យបានក្នុងការប្រកួតប្រជែងចលនាទីក្រុងស្អាតនៅឆ្នាំ២០២១

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថាព្រឹត្តិការណ៍នេះ ពិតជាបានរួមចំណែក និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះមន្ត្រីរាជការ យុវជន អាជីករ ក៏ដូចជាប្រជាពលរដ្ឋ ជួយសំអាតបរិស្ថានទាំងអស់គ្នាបន្ថែមទៀត ដើម្បីលើកកកម្ពស់ ការអភិវឌ្ឍន៍ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ បន្ទាប់អានសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ” នៅមុខផ្សារកំពង់ធំ ក្រុងស្ទឹងសែន ដែលមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, កម្លាំងសមត្ថកិច្ច, សាលារៀនឯកជន, គ្រិះស្ថានឯកជន, ក្រុមហ៊ុនប្រមូលសំរាម និងកម្លាំងកាយរិទ្ធ ព្រមទាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ចូលរួមបោសសំអាតនៅតាមដងផ្លូវទីសាធារណៈ ក្នុងគោលបំណង ដើម្បីបំផុសស្មារតីដល់សាធារណជន ឱ្យកាន់តែយល់ដឹង និងចូលរួមសំអាតថែរក្សាបរិស្ថានឱ្យបានល្អ។

ឯកឧត្តម បន្ថែមទៀតថា ដើម្បីសម្រេចបានគោលបំណង នៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានផ្ការំដួល៣ទង គឺតម្រូវឱ្យយើងទាំងអស់ រួមគ្នាចូលរួមយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវ ព្រមទាំងមានកិច្ចសហការល្អ។ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំ កំពុងខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសនៅក្នុងក្រុងស្ទឹងសែន ដែលកំពុងមានការសាងសង់រង្វង់មូលវិមានឯករាជ្យ សាងសង់ច្រាំងស្ទឹងសែន រៀបចំសួនកំសាន្ត ពង្រីកផ្លូវជាតិ និងផ្លូវក្នុងក្រុងជាដើម ធ្វើយ៉ាងណាឲ្យក្រុងស្ទឹងសែន ក្លាយជាទីក្រុងស្អាត ប្រកបដោយភាពទាក់ទាញ និងកក់ក្តៅ សម្រេចគោលបំណងយកផ្ការំដួលបីទងនៅឆ្នាំ២០២១ឲ្យបាន។

ឯកឧត្តម សុខ លូ បញ្ជាក់ថាទីក្រុងស្អាត គឺជាទីក្រុងដែលគ្មានសំរាម ប្រកបដោយភាព «ស្អាត និងបៃតង» មានអនាម័យ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យ អាចរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់៕

Related Post