នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកទឹកបរិសុទ្ធ ដែលឧបត្ថម្ភដោយលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages) នូវទឹកបរិសុទ្ធ Cambodia ចំនួន ១ម៉ឺនកេស និងទឹកស្អាត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ចំនួន ២៤១១គ្រួសារ ក្នុងភូមិចំនួន៤ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួនបីថ្ងៃ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ។
លោកឧកញ៉ា លាង ឃុន ថ្លែងថា ការផ្តល់ជូននូវទឹកបរិសុទ្ធនេះ គឺជាកិច្ចការមនុស្សធម៌ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកជាមួយអជ្ញាធរខេត្ត ស្រុក ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលកំពុងជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់។ លោកឧកញ៉ាបន្តទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានមោទនៈភាពខ្លំាងណាស់ ពីព្រោះថ្ងៃនេះយើងមានវត្តមានដៃគូរពាណិជ្ជកម្មរបស់យើង ដូចជាអ្នកចែកចាយ (ដេប៉ូ) អ្នកលក់ដុំ និងក្រុមការងារផ្នែកលក់ប្រចាំខេត្តកំពង់ធំ បានចូលរួមកម្មវិធីសប្បុរសធម៌នេះ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ១០០%។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងសហការី ដែលបាននាំយកទឹកបរិសុទ្ធកម្ពុជា ព្រមទាំងយកឡានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន រយៈពេលបីថ្ងៃថែមទៀត ដើម្បីទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្នើឲ្យបងប្អូនទាំងអស់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ បរិភោគទឹកស្អាត និងមានអនាម័យផងដែរ។
ឯកឧត្តមបន្ថែមទៀតថា នៅក្នុងឃុំម្សាក្រងនេះ តែងតែជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ជារឿយៗ ប៉ុន្តែឆ្នាំខាងមុខនេះ នឹងលែងខ្វះខាតទៀតហើយ ដោយមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ដែលបានផ្តល់ទំនប់ស្ទាក់ទឹក និងទ្វារទឹក ដើម្បីរក្សាទឹកទុក ដែលធ្វើអោយស្ទឹងស្ទោង នឹងមានទឹកច្រើនឡើងវិញ អាចឲ្យបងប្អូនប្រជាពលរដ្ឋមានទឹកប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាក្នុងការធ្វើស្រែចំការផងដែរ។
លើសពីនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមខិតខំសហការ ឆ្លើយសំនួររបស់មន្ត្រីជំរឿន ឲ្យបានត្រឹមត្រូវ ពិតប្រាកដ ព្រោះថាជំរឿននេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ដែលអាចឲ្យយើងដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ ក្នុងការធ្វើផែនការដើម្បីអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស Khmer Beverages ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black Extra Stout ស្រាបៀរKudo ភេសជ្ជៈ Ize ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurkz និងទឹកបរិសុទ្ធកម្ពុជា៕