នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នាពេលកន្លងមកថ្មីៗនេះ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសកាកបាទក្រហម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ លោកអភិបាលស្រុក សមាជិក សមាជិកា និងកងកម្លាំងប្រដាប់អាវុធផងដែរ ។
លោក អ៊ុត វណ្ណរ៉ា អភិបាលរងស្រុកកំពង់ស្វាយ បានអានរបាយការណ៍ បង្ហាញថា ឃុំកំពង់គោ ដែលបានរងគ្រោះដោយធម្មជាតិ ខ្យល់កន្ត្រាក់កន្លងទៅនេះ មានចំនួន ៦៧ គ្រួសារ ពី ០៥ ភូមិ (ភូមិកំពង់គោលើ ភូមិកំពង់គោក្រោម ភូមិខ្សាច់ជីរស់ ភូមិបូពឹង និងភូមិកោះគ្របបាយ) និងមានអ្នករបួសចំនួន ០៥ នាក់ ខូចខាតផ្ទះសម្បែងទាំងស្រុង ១៧ ខ្នង និងប៉ើងដំបូលផ្ទះចំនួន ៥០ ខ្នង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់ លោកជំទាវកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុក្ខដាក់ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការខូចខាតព្រទ្យសម្បត្តិរបស់បងប្អូន និងសោកស្តាយជាពន់ពេក ។ ឯកឧត្តម បន្តទៀតថា សូមបងប្អូនត្រូវចេះថែរក្សាសុខភាព មិនត្រូវអស់សង្ឃឹមឡើយ កាកបាទក្រហមមិនទុកឲ្យបងប្អូនស្លាប់ដោយអត់ឃ្លាននោះឡើយ ។ ថ្នាក់ដឹកនាំយើងគ្រប់រូប មិនមែនជាថ្នាក់ដឹកនាំដែលសន្យាចោលហើយ មិនធ្វើនោះឡើយ សូមបងប្អូនចងចាំថា អ្នកថាមិនដូចអ្នកធ្វើនោះឡើយ ។ ម៉្យាងវិញទៀត បើទោះបីជាអំណោយនេះ មានតិចតួចក៏ពិតមែន តែវាអាចជួយ ដោះស្រាយ ជីវភាពបងប្អូនបានមួយរយៈពេលដែរ ។ ដូច្នេះ សូមបងប្អូនត្រូវតែមានក្តីសង្ឃឹមក្នុងការប្រកបរបរចិញ្ជឹមជីវិត រស់នៅប្រកបដោយសុខភាពល្អ ។ លើសពីនេះទៀត ដើម្បីចៀសផុតពីគ្រោះថ្នាក់ ជាយថាហេតុ សូមបងប្អូនសាងសង់ផ្ទះដោយកប់ជើងសរសរអោយបានជ្រៅ ឬចាក់ក្រវ៉ាត់ក្រោម រឹតតែល្អប្រសើរ និងត្រូវរកកន្លែងដែលមានសុវត្ថិភាព និងមិនត្រូវជ្រកក្រោមដើមឈើធំៗនៅពេលកំពុងមានភ្លៀងធ្លាក់ឡើយ ។ ពេលបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ និងអប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន ។
ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំឃុំសង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីបានបន្ត ដឹកនាំប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍនភាព ៕