(រដ្ឋបាលខេត្តកំពង់ធំ) ÷ ថ្លែងនៅក្នុងពិធី អបអរសាទរទិវាជាតិលើកទី១៣ ប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ មានប្រសាសន៍លើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលជនល្មើសធ្វើការជួញដូរមនុស្ស ដោយប្រើប្រាស់គ្រប់កលល្បិច គ្រប់រូបភាព ដើម្បីកេងប្រវ័ញ្ច រំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្ស ដែលបង្កើតជាក្តីកង្វល់ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ឯកឧត្តមបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។ ហើយរូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងមានការជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។ ហើយយើងមិនត្រូវអត់ឱនឲ្យពួកនេះបានឡើយ យើងត្រូវខិតខំតាមដានស្វែងរកមុខសញ្ញា ដើម្បីយកមកអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់។
ទន្ទឹមនឹងនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ ដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ឯកឧត្តមបន្តទៀតថា ទោះបីជាយើងខិតខំទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោសជនល្មើសជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បញ្ហាទាំងអស់នេះ នៅតែកើតមានជាហូរហែរ ដូច្នេះទាមទារឲ្យយើងទាំងអស់គ្នា ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពុះពាររួមគ្នា ផ្សព្វផ្សាយអំពីកលល្បិតជនល្មើស ដែលធ្វើការលួងលោម បោកបញ្ឆោត បង្ខិតបង្ខំ រំលោភបំពាន ធ្វើទារុណកម្ម ដើម្បីកេងប្រវ័ញ្ចទាញយកផលប្រយោជន៍លើកំលាំងពលកម្មផ្លូវភេទ ជាពិសេសតាមរយៈការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ក៏ជាថ្នាំពុល ដែលបានពង្វក់ស្មារតីឲ្យមនុស្សបាត់បង់សតិ វិចារណញ្ញាណ ជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តម បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន ជាពិសេសក្មួយៗ យុវជន យុវនារី ទាំងអស់ សូមចូលរួមថែរក្សាឥរិយាបទថ្លៃថ្នូរ ទន់ភ្លន់ លើកកម្ពស់គុណធម៌ សីលធម៌វិជ្ជាជីវៈ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឲ្យប្រព្រឹត្តល្អសម្រាប់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ៕