រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រជុំត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាតិ ៨ ឧសភា ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពិធីបុណ្យជាតិផ្សេងៗទៀត

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាតិ ៨ ឧសភា ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងពិធីបុណ្យជាតិផ្សេងៗទៀតរួមមាន បុណ្យចម្រើនព្រះជន្ម បុណ្យមាឃបូជា ដែលនឹងប្រារព្ធធ្វើនៅពេលខាងមុខនេះ

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ លូ បានលើកឡើងថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលខេត្តកំពង់ធំ បានឯកភាពគ្នាសម្រេចយកថ្ងៃទី០៤ ខែឧសភាព ឆ្នាំ២០១៩ ខាងមុខនេះ រៀបចំពិធីបុណ្យជាតិ ០៨ ឧសភា ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា ទីតាំងប្រារព្ធពិធីស្ថិតនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឯកឧត្ដមក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ អញ្ជើញចូលរួមឧ្យបានច្រើនកុះករ និងបន្តចូលរួមជួយឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីបុព្វហេតុកាកក្រហមកម្ពុជារបស់យើង

ចំណែក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងបុណ្យវិសាខបូជា ឯកឧត្ដមក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ពុទ្ធសាសនិកទាំងអស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យទាំងនេះ ឧ្យបានច្រើនកុះករ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមបានឲ្យមន្ត្រីជំនាញសិក្សាលម្អិតបន្ថែមទៀត អំពីជីវប្រវត្តិ លោកតាក្រហម ក ដែលនឹងត្រូវដាក់រូបសំណាកតម្កល់នៅរង្វង់មូល បល្ល័ង្ក និង ជីវប្រវត្តិ លោកតាអាចារ្យលាក់ ដែលត្រូវដាក់រូបសំណាកតម្កល់នៅផ្លូវវាងក្រុង សង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន។ ចំណែកឯរូបសំណាកដាវដែកកំពង់ស្វាយ ដែលត្រូវដាក់តម្កល់នៅចំណុចផ្លូវបំបែក ព្រះវិហារ-សៀមរាប (នៅថ្នល់បែក ស្រុកកំពង់ស្វាយ) រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នឹងរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីមួយ ដើម្បីប្រមូលថវិកា សិតដាវដែកកំពង់ស្វាយ ហើយពិធីសិតដាវនេះនឹងរៀបចំនៅវត្តឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំផងដែរ

Related Post