រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងសង្កត់ធ្ងន់ថា ការងារសំខាន់ហើយចាំបាច់បំផុត របស់ក្រុមប្រឹក្សាអាណត្តិទី៣នេះ គឺត្រូវខិតខំរួមគ្នាផ្ដល់ ជាគំនិត យោបល់ កសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល លើកទី១ សម្រាប់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត កំណត់។ ថ្លែងដូច្នេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកកំពង់ស្វាយ អាណត្តិទី៣ ចំនួន២១រូប នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ។
នាឱកាសនេះដែរ ឯកឧត្តម សុខ លូ ក៏បានលើកឡើងថា បន្ទាប់ពីបាន ចូលកាន់តំណែង ក្រុមប្រឹក្សាត្រូវយកចិត្តទុក ដាក់លើការងារជាអាទិភាពមួយចំនួនរួមមាន៖
១.ក្នុងឆ្នាំទីមួយនៃអាណត្តិរបស់ខ្លួន ត្រូវកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំ រំកិល លើកទី១ សម្រាប់ថ្នាក់រដ្ឋបាលរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត កំណត់។ ចំពោះកម្មវិធីវិនិយោគ ប្រចាំឆ្នាំ២០១៩ ក្រុមប្រឹក្សាត្រូវណែនាំ ឲ្យ គណៈអភិបាលបន្តចាត់ចែងអនុវត្តទៅតាមផែនការ ដែលបានអនុម័តកន្លងមក ប្រកប ដោយតម្លាភាព គណនេយ្យ ភាព ការចូលរួម និងមាន ប្រ សិ ទ្ធ ភា ព ។
២.ត្រូវបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និង រវាងរដ្ឋបាលថ្នាក់ ក្រោម ជាតិ ជាមួយប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ ក្រោម ជាតិ ជាស្ថាប័ន អភិបាលកិច្ច ដែលមានសមត្ថភាព គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម នៅ ក្នុ ង មូលដ្ឋានរបស់ខ្លួន។
៣.ត្រូវខិតខំបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន តាមរយៈបន្តខិតខំលើកកម្ពស់ការផ្តល់សេវាចាំបាច់នានាដូចជា សេវា សុខាភិបាល អប់រំ សង្គមកិច្ច និងសេវា សាធារណៈដទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានតម្លាភាព និង គណនេយ្យភាពចំពោះប្រជា ពលរដ្ឋ។
៤.ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌស្រុកកំពង់ស្វាយ ដោយ ត្រូវយកចិត្តទុកដាក់ចាត់វិធានការសំខាន់ៗ សមស្របនានាក្នុងការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព”។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរក្នុងពេលអនុវត្ត ការងារ ក្រុមប្រឹក្សាត្រូវខិតខំ បម្រើ ផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។ មួយវិញទៀត ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេស បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួន៕