រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សួនច្បារ និងរូបសំណាកអាចារ្យលាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ធំ រៀបចំធ្វើពិធីក្រុងពាលីសាងសង់នៅផ្លូវច្រមុះជ្រូក ក្រុងស្ទឹងសែន

រដ្ឋបាលខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានទីតាំងស្ថិតនៅផ្លូវច្រមុះជ្រូក សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងថា យើងអាចមានលទ្ធភាពសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់នេះបាន ក៏ដោយសារ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមការដឹកនាំដល់ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះសបញ្ជាក់ថា បងប្អូនស្រលាញ់នូវសុខសន្តិភាព ចូលរួមថែរក្សា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងដាច់ខាត ក្រុមដែលចង់បង្កអស្ថេរភាពសង្គម មានបំណងប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។

ឯកឧត្តមបន្តទៀតថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម បានត្រៀមទុកកម្លាំងរួចជាស្រេច ដើម្បីសម្រាប់ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ជាពិសេសនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មី និងពិធីហូបអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន ជាពិសេសមានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញ​ធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារដោយឥតគិតថ្លៃ លុះនៅពេលរាត្រី មានការប្រគុំតន្ត្រី បាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង។ ចំណែកឯនៅថ្ងៃទី ១១ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអកអំបុក និងសំពះព្រះខែ ព្រមទាំងមានការរៀបចំធ្វើពិធីដាល់អំបុកនៅសួនច្បារ នៅតាមដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ។

សូមបញ្ជាក់ថា៖ រូបសំណាកអាចារ្យលាក់ សាងសង់ឡើង សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកំពស់៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន ផ្នែកខាងមុខ ដៃទាំងសងខាងកាន់ដាវរាងកោង ដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណង​បង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់​ក្នុងការប្រយុទ្ធតស៊ូ ឬបង្ហាញពីវីរ:ភាពនៃអ្នកតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណង បង្ហាញអោយឃើញថាអាចារ្យលាក់គឺជាគ្រូមន្តអាគម មើលជំងឺ ចេះផ្សំថ្នាំ​ព្យាបាល និងផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងបំណងបង្ហាញអោយឃើញថានៅ​ពេលលោកអាចារ្យលាក់ ចេញប្រយុទ្ធតស៊ូ ជាមួយបារាំង ក្រៅអំពីការប្រើដាវគឺលោកបានប្រើប្រាស់អាវុធ ជាស្នា ដែលផ្លែមានលាបដោយពិសពស់ឬផ្លែឈើពុលផ្សេងៗ៕

Related Post