(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង-ស្រុក ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលការណ៍នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែន និងស្រុកសន្ទុក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ជាច្រើនរូប។
ឆ្លៀងឱកាសនៅក្នងពិធីនេះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាល ក្រុង ស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ចំពោះវិស័យ ក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ។
ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានជំរុញដល់លោកអភិបាលក្រុងស្រុក រួមទាំងមន្ត្រីក្រោមឱវាទ ខិតខំរួមរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលការងារគ្រប់វិស័យរបស់រដ្ឋបាលក្រុង ស្រុក ដែលបានខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធិផលថ្មីៗទៀតបន្ទាប់ពីការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុក៕