រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះជន្ម និងថ្វាយសារលិខិតថ្វាយ​ព្រះពរ​សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ គម្រប់៨៤ យាងចូល៨៥ព្រះវស្សា

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន​គណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសហការីអញ្ជើញចូលរួមក្នុងពិធី សូត្រមន្តចម្រើនព្រះជន្មនិងថ្វាយ​សារ​លិខិត​ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ​នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ដាក់កម្រងផ្កាថ្វាយព្រះពរ និងអានសារលិខិតថ្វាយ​ព្រះពរសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តពង់ធំ ខ្ញុំម្ចាស់ចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែ​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជា​ប្រវត្តិសាស្ត្រ​ដ៏គួរឲ្យ​ស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាពរះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ។ ដោយគារវកិច្ចភក្ដី​ដ៏​ខ្ពង់ខ្ពស់​បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំង​សហការីនៃកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជា​ណាចក្រ​​កម្ពុជាជារៀងដរាបរៀងទៅ ។

ក្នុងឱកាសដ៏មហាប្រសើរនេះ ឯកឧត្តម និងលោកជំទាវជាសមាជិក សមាជកាសាខា ក៏បានប្រគេននូវទេយ្យ​ទានដល់ព្រះគ្រូមេគណខេត្ត និងព្រះគ្រូអនុគណ ព្រះគ្រូចៅអធិការវត្តចំនួន២៣វត្ត មាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ ទឹកអាល់កុល ម៉ាស់ សាប៊ូដុះខ្លួន និងបច្ច័យមួយចំនួន៕

Related Post