រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តទេពនិម្មិត

នៅ​រសៀល​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ព្រះ​ទេព​សត្ថា សៀង សុខ ព្រះរាជា​គណៈ​ថ្នាក់​ចត្វា និង​ជា​ព្រះមេ​គណ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង សមិទ្ធផល​នានា ក្នុង​វត្ត​ទេពនិមិ្មត ហៅ​វត្ត​ធម្មយុត្តិ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​កំពង់រទេះ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុង​ពិធី​ដ៏​ឧឡារឹក​នេះ មានការ​ចូលរួម​ពីសំណាក់ លោក​លោកស្រី​ដែលជា​ថ្នាក់ដឹកនាំ​មន្ទីរ-អង្គភាព និង​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត យ៉ាងច្រើន​កុះករ។

គួ​រំលឹក​ផងដែរ​ថាវ​ត្ត​នេះ​ត្រូវបាន​កសាងឡើង តាំងពី​ឆ្នាំ១៩១៨ ដោយមាន​ការផ្តួចផ្តើម​ពី ព្រះសង្ឃ អាចារ្យ និង​គណៈកម្មការ​ចំណុះជើងវត្ត។

ក្នុងឱកាស​នេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានលើកឡើង​ថា៖ បើ​យើង​ក្រឡេក​ថយក្រោយ ទៅកាន់​សម័យ​ប៉ុលពត របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវបាន​ជម្លៀសចេញ​ពី​ទីប្រជុំជន ឲ្យ​ទៅ​រស់នៅ​ទីជនបទ បង្ខំ​អោយ​ប្រជាពលរដ្ឋ​ធ្វើការ​គ្មាន​ថ្ងៃឈប់​សម្រាក ហូបចុក​មិន​គ្រប់គ្រាន់ គ្រួសារ​មួយចំនួន​ត្រូវ​រស់​បែកបាក់​គ្នា ព្រាត់​បង​ព្រាត់​ប្អូន ម្តាយ​ព្រាត់កូន​គួរ​ឲ្យសង្វេក។ ហើយ​បើ​យើង​មើល​ប្រវត្តិសាស្ត្រ តាំងពីដើម​ឡើយ ប្រទេសខ្មែរ​គឺជា​មហាអំណាច​មួយ​នៅ អាស៊ីអាគ្នេយ៍ តែដោយសារ​តែ​សង្រ្គាម ធ្វើអោយ​ប្រទេស​យើង ត្រូវបាន​បាត់បង់​ទឹកដី​ម្តងបន្តិចៗ រហូតដល់​សម័យ​អាណានិគមនិយម​បារាំង យើង​ត្រូវ​បាត់បង់​កម្ពុជាក្រោម និង​កោះត្រល់។ ក្នុងនាម​យើង​ជាខ្មែរ​យើង​ពិតជា​សោកស្តាយ​ណាស់​ចំពោះ​ការបាត់បង់​ដី​របស់​យើង។ ដូច្នេះ អ្វីដែល​យើង​ត្រូវធ្វើ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ គឺ​យើង​ត្រូវ​រក្សា ការពារ​ទឹកដី​ដែល​យើង​មាន​សព្វថ្ងៃនេះ ១៨១,០៣៥ គីឡូម៉ែត្រ​ការ៉េ នេះ​អោយ​បាន​គង់វង្ស តាមរយៈ​ការអភិវឌ្ឍន៍ រូបវ័ន្ត ដូចជា​សាងសង់ ស្ពាន ផ្លូវ សាលារៀន និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បាន​ចប់​រួចរាល់។ ប៉ុន្តែ​ការអភិវឌ្ឍន៍​រូបវ័ន្ត​ទាំងនេះ អាចធ្វើ​ទៅបាន​លុះត្រាតែ​ប្រទេស​មាន​សន្តិភាព គ្មាន​សង្គ្រាម ព្រោះ​តាមរយៈ​ប្រវត្តិសាស្ត្រ​បាន​ឆ្លុះ​បង្ហាញថា ការបាត់បង់​ទឹកដី​របស់​យើង គឺ​ដោយសារ​សង្គ្រាម និង​ការបែកបាក់​ផ្ទៃក្នុងប្រទេស។

ឯកឧត្តម បាន​បាន​បន្តទៀតថា៖ សន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ គឺ​ឆ្លងកាត់​ការ​ពលីកម្ម​ច្រើនណាស់ ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​រក្សា សន្តិភាព​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​ឲ្យ​ប្រទេស​យើង​មានការ​អភិវឌ្ឍន៍ រីកចំរើន​តទៅមុខ​ទៀត។  បើ​យោងតាម​ការវិភាគ​របស់​អ្នកសេដ្ឋកិច្ច​អន្តរជាតិ បើ​ប្រទេស​យើង មាន​សន្តិភាព ៥ទៅ៦ឆ្នាំ​ទៀត ប្រទេស​យើង​នឹង​ក្លាយជា​កូន​នាគ​មួយ​នៅ​អាស៊ីអាគ្នេយ៍ តាមរយៈ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ មាន​កំនើន ក្នុង​រង្វង់៧%ក្នុង​មួយឆ្នាំ។ ដោយសារតែ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​គោលនយោបាយ​ច្បាស់លាស់ មាន​ចក្ខុវិស័យ​វែងឆ្ងាយ ការធ្វើ​កំណែ​ទម្រ​ង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការ​បង្ខិត​សេវា​ទៅដល់​ថ្នាក់ឃុំ-សង្កាត់ ធ្វើ​ឲ្យ​ឃុំ​សង្កាត់​មានការ​រីកចំរើន ដោយ​យើង​មើលឃើញថា នៅ​ជនបទ​មាន​ផ្លូវលំ​ខ្វាត់ខ្វែង នៅ​ទីប្រជុំជន​មាន​ផ្លូវ​បេតុង​ខ្វែងខ្វាត់។ ម៉្យាងទៀត​តាមរយៈ​កំណែទម្រង់​នេះដែរ នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​អភិវឌ្ឍន៍​មន្ត្រីរាជការ ឲ្យ​ក្លាយជា​មន្ត្រី​មាន​សមត្ថភាព​ពេញលេញ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ។ ត្រង់ចំណុច​នេះ​យើង​ទទួលស្គាល់ថា មាន​មន្ត្រីរាជការ​មួយចំនួន​តូច​មិនទាន់​បត់បែន តែ​យើង​ព្យាយាម​កែប្រែ​តាមរយៈ​អភិក្រម បួន​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះ​ក្អែល និង​ព្យាបាល។

ជាចុងក្រោយ ឯកឧត្តម បាន​អំពាវនាវ ទៅ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ភ្លេច​ទៅ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​អណត្តិ​ទី​បួន​ទាំងអស់គ្នា។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ដែរ​ថា សូម​បងប្អូន​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​នាំមក​នូវ សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​ពិតប្រាកដ (មិន​សន្យា តែ​ធ្វើ) ៕

Related Post