រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្តសហការ​ ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូន​ប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យគិតពន្ធប្រថាប់ត្រាចៀសវាងមានការយល់ច្រលំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដី សូមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចៀសវាងមានការយល់ច្រលំ។

ឯកឧត្តម ងួន រនតៈ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធប្រថាប់ត្រានៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីជំនាញសាខាពន្ធដាខេត្ត និងអភិបាលក្រុងស្រុក ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍បន្ថែមទៀតថា វិស័យការងារពន្ធដារ និងគយ ពិតជាវិស័យ​ដែលមានសារៈសំខាន់ណាស់ក្នុងការជួយប្រមូល​ពន្ធលើ​អចលនទ្រព្យ ដែលអាចជួយបង្កើនប្រាក់ចំណូលថវិកាជាតិក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុនបន្តទៀត ។ ឯកឧត្តមបន្តទៀតថា ចំពោះការ​ធ្វើបច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះសូមមន្ត្រីជំនាញពន្ធដារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការកំណត់តម្លៃ និងកំណត់តំបន់ឲ្យសមស្របទៅនឹងភូមិសាស្ត្រទាំងតំបន់ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លីមានលក្ខណៈខុសគ្នា ដើម្បីចៀសវាងនៅពេល​ចុះអនុវត្តមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដីនិងមន្ត្រីជំនាញសហការគ្នាធ្វើកិច្ចការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនោះឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះការងារសេសសល់ត្រូវរៀបចំពន្លឿនការដោះស្រាយ ពាក់ព័ន្ធពន្ធដារនិងសូរិយោដី ជូនអ្នកទទួលសេវា និងជំរះចេញពីឲ្យអស់ចំពោះដីដែលបានធ្វើការវិនិយោគ ។

នៅក្នុងកិច្ចប្រជុំនេះដែរ មានគោលបំណងពិនិត្យឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រនិងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាដើម្បីធ្វើការកែ​សម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេសនិងតម្លៃឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃវិស័យអចនលសទ្រព្យជាពិសេសតម្លៃដីធ្លីមានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្ត និងជីវភាពរស់នៅប្រជាពលរដ្ឋ ។

Related Post