រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ត្រូវបានប្រកាសតែងតាំងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្តកំពង់ធំ ជំនួសឯកឧត្តម សុខ លូ ត្រូវបានទទួលភារកិច្ចថ្មីនៅខេត្តបាត់ដំបង

(រដ្ឋបាលខេត្តកំពង់ធំ)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធី ប្រកាសសេចក្តីសម្រេចកែ​សម្រួលសមាស​ភាព​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៥ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជំនួសឯកឧត្តម សុខ លូ អតីតអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ត្រូវបានទទួលភារកិច្ចថ្មីនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តាមរយៈប្រព័ន្ធ Video ដែលមាន​ការអញ្ជើញ​ចូលរួមពី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត សមាជិក សមាជិការ នាយក នាយរង និងមន្ត្រីប្រតិបត្តិសាខា ចំពោះលោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការ អនុសាខា ក្រុង ស្រុក ចូលរួមតាមរយៈប្រព័ន្ធ Video Zoom ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ដែលទើបទទួលមុខតំណែងថ្មី សូមធ្វើការប្តេជ្ញាចិត្តដូចតទៅ៖
១. ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
២. យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។
៣. រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤. ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា
៥. យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាននិងពង្រឹងសកម្មភាព អប់រំសុខភាពសហគមន៍។
៦. យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូ ក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។
៧. បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរសា្ថប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជនងាយរងគ្រោះ។

ជាមួយគ្នានោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសសើរនូវការដឹកនាំរបស់គណៈកម្មាធិការសាខា និងការខិងខំ​ប្រឹងប្រែងប្រកបដោយស្មារតីយកចិត្តទុកដាក់របស់ក្រុមប្រតិបត្តិ ព្រមទាំងការទួលខុសត្រូវរបស់ថ្នាក់ដឹកនាំរបស់អនុសាខា មន្ទីរ អង្គភាព អង្គការដៃគូ ដែល​សម្រេចបាននូវសមិទ្ធផលជោគជ័យគួជាទីមោទនៈ ជាពិសេសការជួយជនរងគ្រោះ ជនងាយរងគ្រោះ បានទាន់ពេលវេលា។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែល​តែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។លោកជំទាវ មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមថា« សូមឱ្យ​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម ងួន រតន: ជាប្រធាន ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់ការលើគ្រប់វិស័យការងារ និងបន្ត​សហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងអាណត្តិទី៥នេះ»៕

Related Post