(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងសុំសេចក្តីសុខ សម្រាប់ដំណើរការពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។ ពិធីបួងសួងនេះ រៀបចំឡើង ចំនួន២កន្លែង គឺនៅទីតាំងលោកតាឥ និងទីតាំងលោកតាក្រហម ក ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាល គណៈអភិបាលក្រុងស្រុក ថ្នាក់ដឹកនាំក្រុងមន្ទីរអង្គភាព និងមន្ត្រីរាជការជាច្រើនរូប។កម្មវិធីសាសនា បួងសួងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ រួមមានបារមីលោកតាឥ និង លោកតាក្រហមក ដើម្បីសុំសេចក្តីសុខ នៃកិច្ចដំណើរការពិធីបុណ្យអុំទូក ប្រកបដោយរលូន និងជោគជ័យ ទៅតាមផែនការគ្រោងទុក។ ការប្រារព្ធពិធីនានាតាមបែបព្រហ្មសាសនានេះផងដែរ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿ នៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿង នៃអាណាចក្រអង្គរ ដែលជាសម័យកាល នៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និងការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។ ក្នុងពិធីបួងសួងលោកតាអាចារ្យ ក៏បានអំពាវនាវដល់បារមីវត្ថុសក្តិសិទ្ធ សូមតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ និងភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកកម្សាន្ត ក្នុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃ នាថ្ងៃទី២៨-២៩ខែតុលា ឲ្យទទួលបានតែសេចក្តីសុខសប្បាយគ្រប់ៗគ្នា។