(រដ្ឋបាលខេត្តកំពង់ធំ)៖ រសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី នាំយកសម្ភារៈសិក្សាទៅប្រគល់ជូនសិស្សានុសិស្ស ចំនួន ៥៥៦នាក់ ក្នុងក្រុងស្ទឹងសែន នៅសាលាបឋមសិក្សារកា ចំនួន៣៣២នាក់ ស្រី២២៤នាក់ នៅសង្កាត់ស្រយ៉ូវ និងសាលាបឋមសិក្សាស្ទឹងសែន ចំនួន១២១នាក់ ស្រី៥៧នាក់ នៅសង្កាត់កំពង់ក្របៅ សរុបរួមចំនួន៥៥៦នាក់ ស្រី២៨១នាក់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ដោយសង្កេតឃើញកំណើនសិស្សកាន់តែច្រើន ហើយចំនួនអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម ធ្វើឱ្យការសិក្សារបស់សិស្សក៏មានការលំបាកក្នុងការសិក្សារៀនសូត្រ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនៅសម្ភារៈសិក្សាមកប្រគល់ជូនដល់សិស្សដែលកំពុងសិក្សារៀនសូត្រនៅសាលាទាំងពីរនេះ ដើម្បីលើកទឹកចិត្តដល់ក្មួយៗទាំងអស់ដែលបានមករៀន ក្នុងការបង្កើតនូវចំណេះដឹងឲ្យបានទូលំទូលាយ ជាសរសរទ្រង់នៃប្រទេសជាតិផងដែរ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនដោយយកចិត្តទុកដាក់ដល់សិស្សានុសិស្ស នៅតាមសាលារៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពនៅតាមមូលដ្ឋាន។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ធ្វើឱ្យសាលារៀនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកនូងចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងមូលដ្ឋាន ទទួលបាននូវភាពសហការជាមួយអាជ្ញាធរ មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលាផងដែរ។
សូមបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈសិក្សាដែលប្រគល់ជូនដល់សិស្សានុសិស្សរួមមាន÷សៀវភៅ និងប៊ិក ។