(រដ្ឋបាលខេត្តកំពង់ធំ)៖ គណៈអភិបាលខេត្តកំពង់ធំចំនួន ៧រូប អញ្ជើញចូលរួមបើកហិបប្រធានវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមមណ្ឌលប្រឡងក្នុងក្រុងស្ទឹងសែន។
គណៈអភិបាលខេត្តកំពង់ធំទាំង៧រូបនេះ រួមមាន ឯកឧត្តម ញឹក បានខេង មណ្ឌលវិទ្យាល័យកំពង់ធំ (កើត) ឯកឧត្តម សុក ហៃ មណ្ឌលវិទ្យាល័យកំពង់ធំ (លិច) ឯកឧត្តម ព្រឹម រដ្ឋា មណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក (ត្បូង) ឯកឧត្តម ចាន់ តារា មណ្ឌលវិទ្យាល័យហ៊ុនសែនបល្ល័ង្ក (ជើង) ឯកឧត្តម ទូច សុខា មណ្ឌលវិទ្យាល័យស្ទឹងសែន លោកជំទាវ លំ គន្ធារី មណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ និងឯកឧត្តម ជា វ៉ាន់ចាន់ មណ្ឌលសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ធំ ។
នៅក្នុងពិធីនេះដែរ គណៈអភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
ឯកឧត្តមបានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។ ហើយចំពោះបេក្ខជន បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។
ឯកឧត្តមបន្តថាការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ ។
តាមការបញ្ជាក់ តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ធំបានឲ្យដឹងថា
ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥៩០៧ ស្រីចំនួន៣២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១២៣៨ ស្រីចំនួន៧៤៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦៦៩នាក់ ស្រីចំនួន២៤៨០នាក់ ។