(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជាពិធីអប់រំព្សព្វផ្សាយមេរោគអេដស៍ ជំងឺអេដស៍ ក្រោមប្រធានបទ(សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍) ដែលមានការអញ្ជើញចូលរួមអមដំណើរពី លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីសាខា ប្រជាពលរដ្ឋ និងយុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោង ស្ថិតនៅបរិវេនស្រុកស្ទោង នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឡើងរាយការណ៍ពីការរីកចម្រើននៃសមិទ្ធិផលរបស់រដ្ឋបាលស្រុកក្នុងឆ្នាំ២០២៣នេះ មិនមានគ្រោះមហន្តរាយធ្ងន់ធ្ងរទេ ទោះបីមានការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី ក៏អនុសាខាបានខិតខំចុះបេសកកម្មតាមមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីមហន្តរាយដែលកើតមានពីឥទ្ធិពល ខ្យល់កន្ត្រាក់ និងអគ្គីភ័យផ្សេងៗ។ លើសពីនេះ អនុសាខាបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាជនជួបគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ សរុបចំនួន ៤១២ករណី។ ក្នុងនោះគ្រួសារក្រីក្រ ៣៤៦គ្រួសារ ខ្យល់កន្ត្រាក់រលំផ្ទះ ៣ខ្នង របើកដំបូល ៦ខ្នង អំណោយមនុស្សធម៌ជាសម្ភារៈ ឧបភោគបរិភោគ ដែលបានផ្ដល់រួមមាន៖ អង្គរ មី ទឹកត្រី ទឹកស៊ីអ៊ីវ បាឡុង សម្រាប់បុណ្យសព និងថវិកាមួយចំនួន។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា តាមរយៈការឆ្លងកាត់វគ្គបណ្តុះបណ្តាលរបស់ក្មួយៗ និងមេរៀនសំខាន់ៗ មួយចំនួនមានដូចជា៖ ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិវិជ្ជាសង្គ្រោះបឋម ប្រវត្តិកាកបាទក្រហមកម្ពុជា តួនាទីភារកិច្ចរបស់យុវជនកាកបាទក្រហម រួមនិងខ្លឹមសារសំខាន់ៗ មួយចំនួនទៀត។ គ្រូបង្គោលបានធ្វើបទបង្ហាញជូន និងបានជាបុព្វបទ បង្កើន ចំណេះដឹងដល់ក្មួយៗ រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកការស្ម័គ្រចិត្ត ជាកម្លាំងចលករប្រកបដោយថាមពល ជាបញ្ញាជន និងជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ចូលរួមក្នុងចលនាយុវជនកាកបាទក្រហម ពោរពេញដោយបេះដូងមនុស្សធម៌ ដោយក្តីអាណិតអាសូរស្រឡាញ់មនុស្សផងគ្នា រួមចំណែកបង្កើនឧត្តមផលប្រយោជន៍ ប្រទេសជាតិ សហគមន៍ និងគ្រួសារ។
ឯកឧត្តម ងួន រតនៈ លើកទឹកចិត្តដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោងទាំងអស់ ប្រការសំខាន់ ដែលជាក្រឹត្យវិន័យរបស់យុវជនកាកបាទក្រហម គឺត្រូវធ្វើជាគំរូល្អសំរាប់យុវជនដទៃតាមរយៈការប្រើយុវភាពរបស់ខ្លួនជាប្រយោជន៍ដល់សង្គម ធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃ យុវជនល្អកាន់តែមានច្រើន រីឯក្មេងទំនើង បងតូច បងធំ ដែលបង្កជាបាតុភាពដល់សង្គម មានជាអាទិ៍ ការសេពគ្រឿនញៀនគ្រឿងស្រវឹង ល្បែងពាលាអាវាសែ សេពគប់មិត្តមិនល្អ ការល្មើសនិងច្បាប់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ផងដែរថា យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោង មានចំនួន ៧០នាក់ ត្រូវបានបំពាក់កន្សែងដោយឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងប្រគល់អំណោយដល់គ្រួសារដែលផ្ទុកមេរោគអេដស៍ចំនួន ១៧៣គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀតផងដែរ។