រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងស្រូវរដូវប្រាំង ដែលបានជួយសង្គ្រោះទាន់ពេលវេលា នៅស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះពិនិត្យទីតាំងស្រូវរដូវប្រាំង ប្រមាណជិត ២០០ហិចតា ដែលមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន បានដាក់ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវបានទាន់ពេលវេលា នៅស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានជួបសំណេះសំណាលជាមួយបងប្អូនដែលបានកំពុងអាស្រ័យផលធ្វើស្រែប្រាំងនៅតំបន់នេះ មានប្រសាសន៍លើកឡើងថា ការធ្វើស្រែប្រាំងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅពេលនេះ មិនទាន់មានហានិភ័យនៃការខ្វះខាតទឹកស្រោចស្របនោះទេ។ ឯកឧត្តមបន្ថែមទៀថា ដោយយើងសង្កេតឃើញជាក់ស្តែង ស្រូវរដូវប្រាំងនៅពេលនេះ មានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន តម្លៃស្រូវសមរម្យ និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិតទៀតផង។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងនៅពេលនេះ បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិចតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងសហគមន៍គ្រង់គ្រងទឹក ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា ជៀងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឲ្យស្រូវក្រៀមស្វិតខូច និងខាតបងថវិកាប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានក្រើនរំលឹកដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវពង្រឹងសហគមន៍របស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ ពីព្រោះ ទឹក ក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួយមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិ ទូទៅ។

Related Post