រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចចៅហ្វាវំាង គង់ សំអុល នាំយកព្រះរាជអំណោយទៅចែកជូនប្រជារាស្ត្រ ៤៦៥ គ្រួសារ ក្នុងឃុំត្បែង

ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវំាង អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនដល់បងប្អូនប្រជារាស្ត្រ ចំនួន ៤៦៥គ្រួសារ ដែលកំពុងធ្វើស្រែ មកពីបួនភូមិ មានភូមិត្រាច ភូមិស្រង៉ែ ភូមិអូរអំបែង និងភូមិឈើទាល ក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម មី១កេះ និងថវិកា ៥ម៉ឺនរៀល ។

មានប្រសាសន៍សំណេះសំណាលសម្តេចបានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចព្រះបារមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលព្រះអង្គ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជារាស្ត្រ ។ សម្តេចបន្ថែមទៀតថា ថ្វីត្បិតតែនេះជាព្រះរាជអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ ជាដើម ។

ចុងក្រោយប្រជារាស្ត្រទាំងអស់ បានថ្លែងអំណរគុណដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចជាកាលព្រះអង្គ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ សូមឲ្យសម្តេចមានព្រះជន្មាយុយឺនយូរដើម្បីគង្សជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្រ្តព្រះអង្គ ។

Related Post