រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីកាន់បិណ្ឌ របស់រដ្ឋបាលខេត្តកំពង់ធំ វេនបិណ្ឌទី ៩ វត្តទេពនិម្មិត (ហៅវត្តធម្មយុត្តិ) នៅក្រុងស្ទឹងសែន

ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ គណៈអភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត រួមជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិម្មិត្ត (ហៅវត្តធម្មយុត្តិ) ស្ថិតនៅក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងពាំនាំនូវបច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុមួយចំនួនដូចជា៖ អង្ករ ១៥០គីឡូក្រាម ទឹកផ្លែឈើ ៥កេស ទឹកសុទ្ធ ១០កេស មី ១កេសធំ ស្មើនឹង ៦កេសតូច ទេយ្យទាន ៥កញ្ចប់ និងបច្ច័យ ១លានរៀល ដើម្បីយកមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដើម្បីប្រមូលបច្ច័យមួយចំនួនកសាងទីអារាមវត្តនេះ ឲ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ។

គួររំលឹកថា បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ(ចន្លោះ ខែកញ្ញា)។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។

ក្នុងរយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិក ពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។

ពិធីនេះសម្រាប់ឧទ្ទិសកោសល្យ ដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជីដូនជីតាញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕

Related Post