រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ និងក្រុមគ្រួសារ អញ្ជើញសាកសួរសុខទុកអំពីស្ថានភាពកុមារ នៅក្នុងបុរីកុមារកំព្រាខេត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមគ្រួសារ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ អញ្ជើញសាកសួរសុខទុក្ខអំពីស្ថានភាពកុមារ នៅក្នុងបុរីកុមារកំព្រាខេត្តកំពង់ធំ ចំនួន ៥៧នាក់ ស្រី ២៣នាក់ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ លើកឡើងថា៖ យើងទទួលបានសុខសន្តិភាពដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិរស់រៀនមានជីវិត សិទ្ធទទួលបានការការពារ សិទ្ធទទួលបានការអភិវឌ្ឍន៍ និងសិទ្ធក្នុងការចូលរួម។

ឯកឧត្តមបន្ថែមទៀតថា ប្អូនៗក្មួយកំព្រាឪពុកម្តាយបង្កើតពិតមែន តែក្មួយៗនៅមានថ្នាក់ខេត្ត និងមន្ទីរ ជាពិសេសគឺ ម៉ែដោះត្រូវស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ កុមារជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា ព្រោះវាសនាអនាគត់របស់យើង គឺត្រូវពឹងលើខ្លួនឯង ។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត ក៏បានចែកអំណោយដល់ក្មេងៗកុមារកំព្រា ចំនួន ៥៧នាក់ ដោយម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ១០,០០០រៀល ចំណែកម៉ែដោះម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ៥០.០០០រៀល និងឧបត្ថមដល់បុរីកុមារកំព្រាខេត្ត អង្ករ១៥០គីឡូក្រាម មី ១កេះធំ ខោអាវម្នាក់ ២កំប្លេ ភួយ ១ ក្រម៉ាពោះគោ ១ផងដែរ៕

Related Post