រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ ប្រជុំរៀបចំផែនការក្នុងពិធីបួងសួង ក្រុងពាលី ពូនភ្នំខ្សាច់ និងស្រង់ព្រះ ក្នុងព្រឹត្តការណ៍សង្ក្រានថ្មីសំបូរព្រៃគុក

ព្រឹត្តការណ៍សង្ក្រានថ្មីសំបូរព្រៃគុក ឆ្នាំ២០១៨ ខាងមុខនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំគណៈកម្មការសង្ក្រានថ្មីសំបូរព្រៃគុក ដើម្បីរៀបចំក្នុងពិធីបួងសួង ក្រុងពាលី ពូនភ្នំខ្សាច់ និងស្រង់ព្រះ ដែលនឹងប្រារព្ធធ្វើនៅក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ឯកឧត្តម ញឹក បានខេង មានប្រសាសន៍លើកឡើងថា ការរៀបចំព្រឹត្តការណ៍សង្ក្រានថ្មីសំបូរព្រៃគុកឆ្នាំនេះ ក៏មិនសូវខុសគ្នាពីឆ្នាំមុនៗដែរ ប៉ុន្តែឆ្នាំនេះ យើងត្រូវរៀបចំឲ្យមានលក្ខណៈល្អប្រសើរជាងមុនៗទៀត ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលដ្ឋដែលមកទស្សនាក្នុងព្រឹត្តការណ៍នេះ ឲ្យមានភាពអធឹកអធម ក្នុងនោះយើងក៏មានការរៀបចំនូវពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ ព្រះនាម មហោទរាទេវី នៃកបិលមហាព្រហ្ម និងកម្មវិធីផ្សេងៗជាច្រើនទៀត។ ឯកឧត្តមបន្ថែមទៀតថា ព្រឹត្តការណ៍សង្ក្រានថ្មីសំបូរព្រៃគុកអាចដំណើរទៅបានលុះត្រាតែ ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរ និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ។ ក្នុងនោះ ការរីកចំរើនវិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតនិងបង្កើនឱកាសការងារ ព្រមទាំងនាំមកនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំ។

តាមរយៈសង្រ្កាន្តថ្មីសំបូរព្រៃគុករយៈពេលបីថ្ងៃ នេះឯកឧត្តមប៉ាន់ស្មានថា មាភ្ញៀវទេសចរណ៍យ៉ាងច្រើន មានការចាប់អារម្មណ៍ បានមកទស្សនាប្រាសាទបុរាណ្យមួយនេះ និងសមិទ្ធិផលផ្សេងៗទៀតក្នុងខេត្តកំពង់ធំកាន់តែច្រើនថែមទៀត៕

Related Post