រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ និងការផ្សព្វផ្សាយគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៧ លើកទិសដៅឆ្នាំ២០១៨ និងការផ្សព្វផ្សាយគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអានរបាយការណ៍ និងមានប្រសាសន៍ស្វាគមន៍គណៈអធិបតី គណៈប្រតិភូ និងរៀបរាប់អំពីស្ថានភាពភូមិសាស្ត្រ និងការជួបប្រទះគ្រោះមហន្តរាយមួយចំនួននៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៧កន្លងមក ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ គ្រោះរាំងស្ងួត ជាពិសេសទឹកជំនន់ បានធ្វើឲ្យប៉ះពាល់លើដំណាំស្រូវសរុបចំនួន ៧,៤៨៤ហិចតា រលំផ្ទះចំនួន ១,៣៩១ខ្នង ខូចខាតផ្លូវប្រវែង ៦,៦៧៥ម៉ែត្រ ទំនប់ប្រវែង ២១៩ម៉ែត្រ សាលារៀនចំនួន ៧សាលា អណ្តូងលូ ចំនួន ៣៧២អណ្តូង អណ្តូងស្នប់ ចំនួន ១៦០អណ្តូង និងបង្គន់អនាម័យ ចំនួន ៨២២បង្គន់ លិចភូមិចំនួន ៥៨ភូមិ មានគ្រួសារ ចំនួន ២,១៤៤គ្រួសារ ជាមួយគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមថ្នាក់កណ្តាល បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ ខ្យល់កន្ត្រាក់រលំផ្ទះ អគ្គីភ័យ គ្រួសារក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ បានប្រមាណ ចំនួន ៤,៦៤៨គ្រួសារ ផងដែរ។

ឯកឧត្តមបណ្ឌិត ញឹម វណ្ណា បានកោតសរសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ដែលបានខិតខំអនុវត្តការងារកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលា។ ឯកឧត្តមបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយ អកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ ដូច្នេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទុកជាមុននៅបញ្ហាទាំងអស់នេះ និងរួមគ្នាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។ ឯកឧត្តមបញ្ជាក់ថា យោងតាមរបាយការណ៍របស់លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ លើកឡើងថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ ប្រជាពលរដ្ឋបានធ្វើការបង្ករបង្កើនផលទំាងស្រូវរដូវប្រាំង និងរដូវវស្សា ទទួលបានទិន្នផលមានការកើនឡើងជាងមុន តម្លៃស្រូវមានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ និងផលិតផលកសិកម្មជាច្រើនផ្សេងទៀត ក្នុងនោះចំនួនស្រូវដែលនៅសល់ពីការហូបចុកក្នុងឆ្នាំ២០១៧ នៅសល់ជាង ៥សែនតោន អង្ករនៅសល់ជាង ៣សែនតោន សរុបទូទំាងប្រទេស នៅសល់ជាង ៥លានតោន។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំធ្វើអំពើល្អ ធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អទ្វេរដង ប្រកដោយតម្លាភាព និងប្រសិទ្ធភាព៕

Related Post