រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រគល់ ទទួលសម្ភារ បរិក្ខា និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP)

បណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយិការគម្រោងផលិតកម្មស្បៀង (BFP) ថ្លែងថា សម្រាប់គម្រោងផលិតកម្មស្បៀង (BFP) ក្នុងឆ្នាំ២០១៩ នេះ នឹងផលិតពូជស្រូវក្រអូបឲ្បបាន ១ម៉ឺន៥ពាន់តោន ក្នុងនោះមានគ្រាប់ពូជស្រូវផ្ការំដួលចំនួន ៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន ៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អឲ្យបានចំនួន ២៥ម៉ឺនតោន ក្នុងមួយឆ្នាំ ព្រមទាំងជួយជំរុញដល់បងប្អូនប្រជាកសិករ និងខិតខំដាំដំណាំបន្លែសុវត្ថិភាពគ្មានជាតិគីមី ផលិតឲ្យបាន ២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ និងកាត់បន្ថយការនាំបន្លែចូលមានជាតិគីមីពីប្រទេសជិតខាង។

ការថ្លែងនេះ ស្ថិតក្នុងឱកាស ពិធីប្រគល់ ទទួលសម្ភារ បរិក្ខា និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP)នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងខេត្តកំពង់ធំ។

បណ្ឌិត ចាន់ ផលលឿន បន្ថែមទៀតថា ចំពោះការប្រគល់ជូននូវសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្មជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ នេះ សូមបងប្អូនប្រជាកសិករទាំងអស់ ខិតខំយកចិត្តទុកដាក់បង្ករបង្កើនផល និងដំាដំណាំបន្លែសុវត្ថិភាពឲ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវរៀបចំផែនការផលិតកម្មនៅក្នុងការដាំដុះ ឲ្យស្របទៅនឹងតម្រូវការរបស់ទីផ្សារ ជៀសវាងដល់ពេលប្រមូលផល មានបន្លែច្រើនលើសលប់ ធ្វើឲ្យបន្លែសុវត្ថិភាពរបស់យើងធ្លាក់ចុះ ក្លាយជាទំនិញគ្មានទីផ្សារ បងប្អូនបាក់ទឹកចិត្តក្នុងការដាំដុះ និងប៉ះពាល់ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋបន្ថែមទៀត។

ជាមួយគ្នានេះបណ្ឌិត ចាន់ ផលលឿន បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាថវិកាសម្រាប់អនុវត្តគម្រោងជំរុញ ផលិតកម្មស្បៀង តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ សូមជួយថែរក្សានូវសម្ភារបរិក្ខារ និងគ្រឿងយន្តកសិកម្មទាំងអស់នេះ ក្នុងការប្រើប្រាស់ឲ្យបានរយៈពេលយូរ។

ចុងក្រោយ បណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រគល់ សម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម រួមមាន៖ ១៖ ម៉ាស៊ីនច្រូតកន្ត្រៃចំនួន៤គ្រឿង ២៖ ម៉ាស៊ីនបោកស្រូវចំនួន៤គ្រឿង ៣៖ ម៉ាស៊ីនរោយសម្អាតគ្រាប់ពូជចំនួន៤គ្រឿង ៤៖ ឧបករណ៍វាស់ជាតិពុល ក្នុងបន្លែចំនួន៣គ្រឿង ៦៖ ប្រព័ន្ធស្រោចស្រពទំនើប ចំនួន១៣២ឈុត ដល់កសិករ និងសហគមន៍កសិកម្មផងដែរ៕

Related Post