(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថាលោកអភិបាលស្រុកដែលទើបនឹងទទួលប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ សូមពង្រឹងកត្តា សាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំការងារនិរន្តរភាពរដ្ឋបាលស្រុកអោយកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលបន្តទៀត ដែលថ្នាក់លើបានប្រគល់ជូន។
ប្រសាសន៍នេះត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងនៅក្នុងពិធីផ្ទេរភារកិច្ចតែងតាំងមន្ត្រីរាជការជូនលោក ឡង គីសឹង ជាអភិបាលនៃគណៈអភិបាលស្រុកសន្ទុក ដែលបានផ្ទេរមកពីអភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ លោក ឃឹម សុខឃាង ជាអភិបាលរងស្រុកសន្ទុក និងលោក អ៊ុត វណ្ណារ៉ា ជាអភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ ដែលបានផ្ទេរមកពីអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោកស្រី ឡាក់ សៅចាន់ ជាអភិបាលរងស្រុកសណ្ដាន់ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំពីស្រុកមួយទៅស្រុកមួយ គឺជាដំណើរការធម្មតា របស់មន្ត្រីរាជការ ព្រោះមុខតំណែងនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះទេ។ ហើយលោកអភិបាលស្រុក ដែលទើបទទួលមុខតំណែងថ្មីនេះ សូមបន្តខិតខំធ្វើការងារសេសសល់ពីមុន និងបន្តអភិវឌ្ឍថ្មីបន្ថែមទៀតដើម្បីកែប្រែនៅស្រុកនេះ មានការរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តខិតខំដោះស្រាយទំនាស់នានានៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះដែលអាចទទួលយកបានទាំងអស់គ្នា។ លើសពីនេះទៀត ត្រូវការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ លុបបំបាត់ចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់ការបង្ក្រាបបទល្មើសនានាជាដើម។ ហើយមន្ត្រីមានសមត្ថកិច្ចណាដែលមានការពាក់ព័ន្ឌនឹងអំពើខុសច្បាប់ សូមដកខ្លួនចេញជាបន្ទាន់ យើងត្រូវរួមគ្នាការពារប្រយោជន៍ស្របច្បាប់របស់រាស្ត្រ មិនមែនការពារអំពើខុសច្បាប់របស់រាស្ត្រនោះទេ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពន្យល់អំពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបានអំពាវនាវដល់លោកអភិបាលស្រុក ព្រមទាំងលោកមេឃុំទាំងអស់ សូមចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិនទាន់បានចាក់វ៉ាក់សាំងលើកទីមួយ សូមអញ្ជើញពួកគាត់មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ តាមទីកន្លែង និងពេលវេលាដែលបានកំណត់។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមកោតសរសើរ និងដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំយើងផងដែរ ក្នុងការខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប។
ទន្ទឹមនឹងនោះដែរលោក លោក អ៊ុត វណ្ណារ៉ា និងលោក ឡង គីសឹង ដែលទើបនឹងទទួលបានការប្រកាស តែងតាំងជាអភិបាលស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម:
១.អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន។
២.ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច យកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន។
៣.ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថែមទៀត ឲ្យស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន និងស្របតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
៤.ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
៥.រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលសាលាស្រុក និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឲ្យបានល្អប្រសើរ។
៦.ចូលរួមយ៉ាងសកម្មជម្រុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ និងអភិវឌ្ឍន៍ស្រុកសន្ទុកឲ្យកាន់តែរីកចម្រើនថែមទៀត។
៧.ខិតខំចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ដែលកំពុងតរាត្បាតក្នុងសហគមន៍អោយមានប្រសិទ្ធភាពខ្ពស់ ។