រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាសាធារណៈ ស្តីពី ការស្វែងរកដំណោះស្រាយបញ្ហាអគ្គិសនីនៅស្រុកស្ទោង

ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានឡើងលើងអំពីបញ្ហាអគ្គីសនីជាច្រើន ដូចជាការដាច់ភ្លើងញឹកញាប់ កុងទ័រភ្លើងមានការដើរលឿន មានភាពមិនប្រក្រតី ការបោះបង្គោលភ្លើង ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានងឿនឆ្ងល់ នៅបញ្ហាខាងលើនេះ និងបានឲ្យលោក លី ឃួង តំណាងអាជ្ញាធរអគ្គីសនីកម្ពុជាធ្វើការបកស្រាយនូវបញ្ហាទាំងអស់នេះ ដោយមានការសម្របសម្រួលពីឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅសាលាស្រុកស្ទោង។

លោក លី ឃួង ថ្លែងថា ការផ្គត់ផ្គង់អគ្គីសនីនៅខេត្តកំពង់ធំពីមុនមក គឺប្រើប្រាស់ម៉ាស៊ីនភ្លើង អគ្គីសនីមានតម្លៃថ្លៃ ប៉ុន្តែបច្ចុប្បន្ននេះ ដើម្បីអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចុះតម្លៃនៅថោក រាជរដ្ឋាភិបាលបានតភ្លើងពីបណ្តាប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ ជាដើម ដែលមានរយៈចំងាយឆ្ងាយ ចំនួននៃការប្រើប្រាស់អគ្គីសនីមានការកើនឡើង ម្យ៉ាងវិញទៀតនៅតាមបណ្តាខេត្តមួយចំនួននៅមិនទាន់មានអនុស្ថានីយ៍នៅឡើយទេ ដោយឡែកសម្រាប់នៅខេត្តកំពង់ធំ អាជ្ញាធរអគ្គីសនី បានសាងសង់អនុស្ថានីយ៍មួយនៅថ្នល់បែក នឹងបញ្ជប់ការសាងសង់នៅពាក់កណ្តាល់ឆ្នាំ២០១៩ខាងមុខនេះ ពេលនោះបញ្ហាអគ្គីសនីនឹងកាត់បន្ថយការដាច់ទៀតហើយ ដូច្នេះសូមបងប្អូនអត់ធ្មត់រងចាំសិនទៅ។

ឯកឧត្តម សុក ហៃ បានបញ្ជាក់ថា បញ្ហាអគ្គីសនី ជាចំណុចមួយរសើបរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ហើយអគ្គីសនីនេះ មិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលខេត្តកំពង់ធំ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរគ្គីសនីកម្ពុជា ដូច្នេះរាល់សេវាករផ្គត់ផ្គងអគ្គីសនីនៅតាមបណ្តាក្រុងស្រុក មិនមែនជាវិស័យរបស់រដ្ឋទេ គឺជាវិស័យរបស់ឯកជន។ ក្នុងនោះឯកឧត្តម បានជំរុញឲ្យអាជ្ញាធរអគ្គីសនីស្រុកស្ទោង ត្រូវខិតខំយកចិត្តទុកដាក់ និងធ្វើការផ្សព្វផ្សាយបន្តទៀតអំពីតម្លៃតបណ្តាញអគ្គីសនីឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងខិតខំបន្តពង្រីងបង្គោលភ្លើងនៅតំបន់មួយចំនួនដែលមិនទាន់មានបង្គោលភ្លើងទៅដល់ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរអគ្គីសនីកម្ពុជា ដែលបានចូលរួមចំណែកសហការជាមួយអាជ្ញាធរខេត្ត ស្រុក ក្នុងការផ្គត់ផ្គង់អគ្គីសនីក្នុងខេត្តកំពង់ធំទាំងមូល ក៏ដូចជាស្រុកស្ទោង និងស្រុកដទៃទៀតផងដែរ៕

Related Post