រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានរៀបចំទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា លើកទី២០ លើប្រធានបទស្តីពី “ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ” នៅអាគារការឡូវគឹមសេង ក្រុងស្ទឹងសែន ក្រោមអធិបតីភាព ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ សិស្ស និស្សិត អាជ្ញាធរដែនដី និងអង្គការ ដៃគូ ជាតិ អន្តរជាតិ ប្រមាណជាង៨០០នាក់។
ការប្រារព្ធខួបលើកទី២០ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០១៩ នេះ ក្រោមប្រធានបទ “ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ” ដើម្បីឱ្យយុវជនទាំងអស់ បានផ្តោតនូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ ក្នុងការទទួលបាននូវយន្តការជាគន្លឹះ សម្រាប់កសាងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរ តាមរយៈការគិតពិចារណា ដើម្បីបង្កើតបានជំនឿចិត្ត ផ្តល់នូវសេចក្តីសង្ឃឹម ដែលជាថាមពល ជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិ ពិសេសគោរពតាមគោលការណ៍សន្តិសហវិជ្ជមាន ពង្រឹងការផ្សះផ្សា ការបង្រួបបង្រួមជាតិ-អន្តរជាតិ ក្នុងគោលដៅជំរុញឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាមួយឆ្ពោះទៅរកការគេចឱ្យផុតពីអំពើហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំ ឧក្រិដ្ឋកម្ម និងទុព្វលភាព។ ទិវាអន្តរជាតិសម្រាប់យុវជននាថ្ងៃនេះ មានគោលបំណងលើកកម្ពស់យុវជន បង្ហាញពីតម្រូវការថ្មីមួយរបស់យុវជនលើពិភពលោក គឺយុវជនត្រូវការផ្លាស់ប្តូរសកម្មភាពអវិជ្ជមានផ្សេងៗទៅជាទង្វើវិជ្ជមាន ក្លាយជាតម្រូវការ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចូលរួមនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត បញ្ចេញមតិដោយសេរី ចូលរួមក្នុងបញ្ហាអភិបាលកិច្ច លេងកីឡា សកម្មភាពកម្សាន្ត បង្កើតអន្តរកម្មរវាងមនុស្សគ្រប់គ្នានៅជុំវិញខ្លួន ជួយសម្រុះសម្រួល បំពេញតម្រូវការរបស់យុវជនជាតិសាសន៍ផ្សេងៗ។ ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាព បង្កើនទំនាក់ទំនងល្អរវាងយុវជនជាមួយគ្រួសារ ជាពិសេសធ្វើឲ្យការសន្ទនាគ្នាទៅវិញទៅមករបស់ពួកគេ ប្រកបដោយលក្ខណៈស្ថាបនា បង្កឲ្យយុវជនចូលរួមនូវផែនការនគរូបនីយកម្មដែលមាននិរន្តរភាព អភិវឌ្ឍយុវជន ធ្វើឲ្យយុវជនកាន់តែរីកចម្រើនក្នុងពិភពបច្ចេកវិទ្យា។
ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា យុវជនជាទំពាំងស្នងឬស្សី ប្រសិនបើយុវជនមិនបានប្រព្រឹត្តខ្លួនឲ្យបានល្អ តាមរយៈការខិតខំរៀនសូត្រ ប្រែក្លាយខ្លួនឲ្យទៅជាយុវជនល្អ សិស្សល្អ កូនល្អទេ នោះពិតជាមិនអាចក្លាយទៅជាទំពាំងល្អក្នុងការស្នងឬស្សី នៅពេលអនាគតបាននោះទេ។ ឯកឧត្ដម បានបន្តទៀតថា ក្មួយៗយុវជននាសម័យនេះ ពិតជាមានភព្វវាសនា ដោយសារថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានខិតខំ គ្រប់បែបយ៉ាង ដើម្បីឲ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចពេលនេះ។
នៅក្នុងឱកាសនេះ ឯកឧត្ដម សុខ លូ ក៏បានអំពាវនាវដល់យុវជនទាំងអស់ ឱ្យខិតខំរៀនសូត្រ ប្រែក្លាយខ្លួនទៅជាយុវជនល្អ សិស្សល្អ កូនល្អ ជៀសឆ្ងាយពីគ្រឿងញៀន ប្រសិនបើក្មួយៗយុវជនមិនខិតខំចៀសឱ្យឆ្ងាយពីគ្រឿងញៀនទេនោះ វានឹងនាំគ្រោះថ្នាក់ដល់ក្មួយៗផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងនៅថ្ងៃអនាគត ហើយត្រូវចាត់ទុករឿងគ្រឿងញៀននេះ ជារឿងរបស់យើងទាំងអស់គ្នាដែលត្រូវខិតខំនាំគ្នាលុបបំបាត់ ឱ្យអស់ពីសង្គមជាតិរបស់យើង។ មួយវិញទៀត យើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ទាំងអ្នកបើកនិងអ្នកជិះពីក្រោយ ហើយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាគម្រូដល់ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋរបស់យើង៕